ព័ត៌មានជាតិ

សង្ស័យរថយន្តមេយោធា បុកជាមួយម៉ូតូនៅមុខពេទ្យកុមារជាតិ បញ្ចប់ត្រឹមសំណង២០ម៉ឺនរៀល

ភ្នំពេញៈ បុរសយោធាម្នាក់ ចេញសំណងចំនួន២០ម៉ឺនរៀល បញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ប៉ះជាមួយរថយន្តមេរបស់ខ្លួននៅខាងមុខមន្ទីរពេទ្យកុមារជាតិ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តបង្កខាងលើនេះ ជារថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2509 បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ចំណុចកែងផ្លូវ២៥៧ បានប៉ះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FP-3637 ដែលនៅខាងមុខបណ្តាលឲ្យដួលរងការខូចខាតបន្តិចបន្តួច។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូខាងលើបើកបរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ចំណុចកែងផ្លូវលេខ២៥៧ ដោយមានបំណងចង់បត់ឆ្វេងដៃ ស្រាប់តែមានរថយន្តបង្កខាងលើបើកបរក្នុងល្បឿនលឿនដោយមន្ត្រីយោធាម្នាក់ ស្របទិសគ្នាមកពីក្រោយបានប៉ះម៉ូតូ បណ្តាលឲ្យដួល និងបានបង្កការជជែកដាក់គ្នាយកត្រូវរៀងៗខ្លួន។ មួយសន្ទុះក្រោយពីកើតហេតុ ក៏មានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក មកដល់កន្លែងកើតហេតុធ្វើការវាស់វែង ព្រមទាំងទុកពេលឲ្យភាគីទាំងសងខាងដោះស្រាយបញ្ចប់រឿង ស្រាប់តែមានមន្ត្រីយោធាជាច្រើននាក់ បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ហាក់ដូចជាចង់បង្ហាញថានេះជារថយន្ត មេបញ្ជាការខាងយោធាអ៊ីចឹង ។

ដោយមានការសម្របសម្រួលពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណៈនោះស្រាប់តែមានមន្ត្រីយោធាម្នាក់បានចេញថ្លៃជួសជុលម៉ូតូទៅជនរងគ្រោះចំនួន២០ម៉ឺនរៀល ដើម្បីបញ្ចប់បញ្ហានៅកន្លែងកើតហេតុតែម្តង៕

https://youtu.be/9sWopl-ljOg

មតិយោបល់