ព័ត៌មានជាតិ

រកឃើញហើយកន្លែងកត់ឆ្នោតវៀតណាម ពួនក្រោមស្លាក អ៊ី-ម៉ាន់នី

ភ្នំពេញ: ស្ត្រីដែលជាអ្នកកត់ឆ្នោតវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលស្ថិតនៅចំណុចតូបលេខអេស២ ផ្លូវបេតុង ក្រុម១៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផៃ ភឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរអ្នកកត់ឆ្នោត មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឬស្សីកែវ ព្រមទាំងប្រជាការពារសង្កាត់ និងមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង ដោយឃាត់ខ្លួនបានស្ត្រីម្នាក់ដែលមានមេកត់ឆ្នោត និងបានដកហូតក្រដាសកត់ឆ្នោតមួយចំនួន។

ក្រោយពីការឃាត់ខ្លួនស្ត្រីខាងលើរួចមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់