ព័ត៌មានជាតិ

អគ្គិភ័យឆេះឆាបផ្ទះប្រជាពលរដ្ឋ ខូចខាតលុយ និងមាសជាច្រើន

កំពង់ចាម: កាលពីម៉ោង០៤និង២០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងរថយន្តពន្លត់អគ្គិភ័យស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ០១ខ្នងទំហំ៥×៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក របស់ប្រជាពលរដ្ឋ ឈ្មោះ ស៊ុ ឌឿន អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ ច្រឹង មឿ អាយុ៣៥ ឆ្នំា ស្ថិតនៅភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ។ នេះបើយោងតាមទំព័រហ្វេសប៊ុក អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងករណីនេះដែរ កម្លាំងបានធ្វើការពន្លត់បានទាន់ពេលវេលា មិនបណ្តាលអោយឆេះរាលដល់ផ្ទះនៅក្បែរខាងឡើយ។ មូលហេតុ ម្ចាស់ផ្ទះដាក់ដាំបាយ ទុកចោលហើយចេញមកមុខផ្ទះដើម្បីមើលកូន។

ករណីនេះបណ្តាលអោយខូចខាតទ្រព្យសម្បត្តិរួមមាន ប្រាក់រៀលចំនួន២,៥០០,០០០រៀល ក្រវិលផ្លាក់ទីនចំនួន០១ជី ខ្សែដៃផ្លាក់ទីនចំនួន០២ជី ស្រូវចំនួន ៥០០គីឡូក្រាម និងសម្ភារ:ប្រើប្រាស់មួយចំនួន។

សូមបញ្ជាក់ផងដែរថារដូវនេះជារដូវក្តៅ ហើយមានខ្យល់បក់ខ្លាំង ដូច្នេះអធិការដ្ឋានស្រុកព្រៃឈរ សូមរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន អោយប្រយ័ត្នប្រយែងមុនពេលចេញក្រៅ ឬធ្វើអ្វីនៅក្រៅផ្ទះ ត្រូវពិនិត្យមើលភ្លើងចង្ក្រាន ធូប ទៀន ចរន្តអគ្គិសនីជាដើម ក្រែងកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

មតិយោបល់