ព័ត៌មានជាតិ

អ្នកនាំពាក្យតុលាការខេត្តកំពត៖ ជនសង្ស័យគ្រឿងញៀន ៤នាក់ត្រូវបានដោះលែងមែន

ភ្នំពេញ: លោក ខាន់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត និងជាតំណាងអយ្យការកាន់សំណុំរឿង បានបញ្ជាក់តាមទូរសព្ទថា លោក បានអនុញ្ញាតឲ្យជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៤នាក់ត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ម្សិលមិញ ដោយរង់ចាំការកោះហៅ មកជម្រះផ្ទាល់នៅក្នុងអំឡុងខែមីនា ខាងមុខ។

លោកបានថ្លែងថា ជនសង្ស័យទាំង៤នាក់ គ្រាន់តែជាអ្នកប្រើប្រាស់ តែប៉ុណ្ណោះ ទើបលោកអនុញ្ញាតឲ្យទៅផ្ទះវិញ។

លោកថា ជនសង្ស័យទាំង ៤នាក់ បានសហការជាមួយសមត្ថកិច្ចរហូត ចាប់បានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ (លោកមិនបញ្ជាក់ឈ្មោះ) បន្ថែមទៀត ហើយតុលាការបានចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នហើយ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧កន្លងទៅ លោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតបានដឹកនាំ កម្លាំងជំនាញខេត្តកំពត ចុះបង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់គ្រឿងមួយ នៅចំណុចវត្តថៅកុង ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់។

ប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ៣អង្គ (ប្រុស) រួមមានទី១ឈ្មោះ ច្រឹត វី អាយុ៣១ឆ្នាំ នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ទី២ឈ្មោះ ញេវ ពិទូ (ព្រះសង្ឃ) ព្រះជន្ម ១៦វស្សា ទី៣ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម១៨វស្សា និងទី៤ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម ១៦វស្សា ព្រះអង្គទាំងបីអង្គនៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់។

សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់តូច និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់