Post News Media ព័ត៌មានអន្តរជាតិ អ្នកគាំទ្ររាប...

អ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងរដ្ឋ Florida កំពុងចង់ជួបមុខប្រធានាធិបតីអាមេរិកថ្មីដែលបានជិះ«យន្តហោះល្អជាងគេលើលោក»

មនុស្សជាច្រើនម៉ឺននាក់បានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាជួរ នៅខាងក្រៅព្រលានយន្តហោះរដ្ឋ Florida កន្លែងដែលលោកប្រធានាធិបតី Donald Trump កំណត់ពេលជួបជុំអ្នកគាំទ្ររបស់លោកនៅល្ងាចថ្ងៃអាទិត្យនេះ។

នេះបើយោងតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៧។

មនុស្សចំនួន ៣ម៉ឺននាក់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ដែល គ្រោងនឹងធ្វើនៅព្រលានយន្តហោះ Melbourne ដែលស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រអាត្លង់ទិច រដ្ឋ Florida។ លោក Trump ត្រូវគេរំពឹងថា នឹងមកដល់ព្រលានយន្តហោះនេះ តាមរយ:ការធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ប្រធានាធិបតី Air Force One នៅម៉ោងប្រហែល ៥ល្ងាច ហើយការជួបជុំគ្នានេះនឹងចាប់ផ្ដើមក្រោយពេលលោក Trump អញ្ជើញមកដល់តែម្ដង។

អ្នកនាំពាក្យសេតវិមានអ្នកស្រី Sarah Sanders បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ហេតុផលមួយផ្នែកដែល លោក Trump បង្កើតព្រឹត្តិការណ៍នេះឡើង ពីព្រោះលោកមិនគិតថា សាររបស់លោកតែងតែត្រូវបាន សារព័ត៌មានយកទៅចុះផ្សាយដោយយុត្តិធម៌នោះទេ ហើយលោក Trump អាចបញ្ចេញសាររបស់លោកដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព តាមរយ:ការឈរលើវេទិកា និយាយទៅកាន់ពលរដ្ឋអាមេរិក។

ការជួបជុំជាមួយអ្នកគាំទ្រដែលលោក Trump បាននឹងគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍នេះ មិនមានអ្វីប្លែកពីជំនាន់ប្រធានាធិបតីពីមុនៗឡើយ ហើយលោកអតីតប្រធានាធិបតី Barack Obama ក៏បានរៀបចំព្រឹត្តិការណ៍នានាស្រដៀងគ្នានេះដែរ នៅពេលដែលលោកកាន់ដំណែងជាប្រធានាធិបតី ដើម្បីកសាងការគាំទ្រទៅលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់លោកក្នុងតំណែងជាប្រធានាធិបតីអាមេរិក៕