កណ្តាលៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូលឿន បណ្តាលឲ្យដួលបោកក្បាលស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទាបភ្លឺ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ២១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ស្រឿន ភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AH-1174 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានដួល បោកផ្ទប់នឹងផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ ដោយបាននាំយកម៉ូតូជនរងគ្រោះមករក្សាទុកដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕













https://youtu.be/Pb8Vs5XfyvQ
មតិយោបល់