ព័ត៌មានសិល្បៈ និងកម្សាន្ត

២បទ ពេជ្រ សោភា នាំមុខក្រុមកូរ៉េ កណ្ដាលភ្នំពេញ

ការពីយប់ថ្ងៃទី១៩ កុម្ភ: ក្រុមកូរ៉េពីរក្រុមគឺក្រុមចម្រៀង Million K-Pop និង ក្រុម Wisdom បានបង្អួតបទចម្រៀង និងក្បាច់រាំយ៉ាងរស់រវើកនៅលើឆាកតន្ត្រីរបស់NTV នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកគាំទ្រយ៉ាងកុះកររាំរែកតាម។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ថាតារាចម្រៀងពេជ្រ សោភា ទទួលបានចំណាប់អារម្មណ៍ពីអ្នកទស្សនាច្រើនជាង ជាមួយ២បទរបស់នាងដែលអ្នកក៏ទទួលស្គាល់ថាពិរោះនោះ។

ក្នុងពេលតារាចម្រៀងពេជ្រ សោភា មិនទាន់បង្ហាញខ្លួនគេឃើញតារាចម្រៀងជនជាតិកូរ៉េទាំង២ក្រុមកន្ទ្រាក់បានការចាប់អារម្មណ៍មិនធម្មតាពីសំណាក់អ្នកគាំទ្រជាជនជាតិខ្មែរ និងមួយចំនួនជាជនជាតិកូរ៉េ។ ក្នុងនោះសូម្បីតែពេលតារាចម្រៀងលោក គីម ថាណា មកពីផលិតកម្មBN និងនេនទុំជាដើមឡើងឆាក ក៏មានសន្ទុះគាំទ្រមិនណយដែរពីសំណាក់អ្នកមើល។ អ្នកទស្សនាភាគច្រើនបានទាំងកត់សម្គាល់ថាទាំងតារាចម្រៀងក្រុមកូរ៉េ និងតារាចម្រៀងខ្មែរ សង្វាតបានសន្ទុះគាំទ្ររៀងខ្លួនគួរឲ្យសរសើរនោះផង។ ប៉ុន្តែការយល់ឃើញទាំងនោះត្រូវបានផ្លាស់ប្ដូរនៅពេលតារាចម្រៀងចេញមុខឡើងឆាក ហើយបង្ហើរចម្រៀងតែ២បទមុនពេលត្រលប់ទៅផ្ទះ។ គ្រាន់តែបទ«អូនទៅហើយ»ត្រូវបានបន្លឺឡើង គេឃើញអ្នកទស្សនាដែលឈរគំលាតពីឆាកដើម្បីទុកផ្លូវឲ្យគណប្រតិភូរត់ស្រចូលមកកាន់កៀកឆាក ដោយសូម្បីតែការបញ្ចៀសចេញឲ្យទៅឈរនៅទីតាំងដើមក៏មិនអាចធ្វើបាន។ អ្នកគាំទ្របានប្រមូលផ្ដុំយ៉ាងណែនមុខឆាក ដើម្បីបានចាប់ដៃពេជ្រ សោភា និងថតរូបរបស់នាងបានកៀកទុកក្នុងទូរស័ព្ទ។ ក្នុងនោះពួកគេក៏ច្រៀងតាមនាងយ៉ាងកងរំពង ធ្វើឲ្យអ្នកណាៗក៏មើលឃើញថាសន្ទុះរបស់ពេជ្រ សោភា ខ្លាំងជាងវត្តមានរបស់តារាកូរ៉េនោះផង។ នៅបទទី២ក្រោមចំណងជើងថា«ហុយហុយ» អ្នកទស្សនាទាំងនោះក៏បានរាំរែកជាមួយនាងធ្វើបទរបស់នាងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះផង។ ម្នាក់ៗសុទ្ធតែកោតសរសើរថា២បទរបស់ពេជ្រ សោភា នៅមានសន្ទុះខ្លាំង ប៉ុន្តែក្រុមអ្នកសរសើរដដែលក៏បានបង្ហើរថាប្រសិនបើនាងមិនច្រៀងបទ«អូនទៅហើយ» និងបទ«ហុយហុយ»ដែលជាបទខ្លាំងទាំងពីរនោះទេ ក៏កម្រិតគាំទ្រមិនខ្លាងដូចអ្វីដែលបានឃើញនោះដែរ។

ពេជ្រ សោភា បញ្ជាក់ថាសប្បាយចិត្តដែលនាងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌ ហើយបើទោះជាការប្រគំតន្ត្រីនោះនៅមិនទាន់ច្បាស់ថានឹងទទួលបានថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្រិតណា ក៏នាងយល់ថានោះជាការរួមចំណែករបស់រូបនាងដែលជាតារាសិល្ប: ដើម្បីបំផុសចលនាបរិច្ចាគនោះដែរ៕

//www.youtube.com/watch?v=qJQPN5sJPiI

មតិយោបល់