ព័ត៌មានជាតិ

ឈើគ្រញូងរាប់រយដុំ មានសរសេរអក្សរខ្មែរ ត្រូវតម្រួតថៃចាប់បាន

បាត់ដំបង: ឈើគ្រញូងប្រមាណជាង១០០កំណាត់ ដែលភាគច្រើនជាប្រភេទឈើគ្រញូង ឈាមមាន់ ហើយសុទ្ធតែមានសរសេរឈ្មោះ និងលេខទូរស័ព្ទជាភាសាខ្មែរ ត្រូវបានក្រុមអភិរក្សព្រៃឈើ និងក្រុមតម្រួតធ្វើការប្រមូលយកមករក្សាទុក ខណ:ដែលមានកម្មករខ្មែរជាច្រើននាក់កំពុងស្ពាយចេញពីតំបន់ឧទ្យានធម្មជាតិ ដែលជាតំបន់ហាមឃាត់ ។

សេចក្តីរាយការណ៍ពីក្នុងប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ប្រមាណជាពេលរំលងអាធ្រាត ក្រោយពីកម្លាំងជំនាញ ទទួលបានព័ត៌មាន ស្តីពីការលបលួចកាប់ឈើគ្រញូងក្នុងឧទ្យានធម្មជាតិរួចមក កម្លាំងអភិរក្សព្រៃឈើ រួមជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ចុងភ្នំកាន់ត្រង ហើយក៏មានការសហការជាមួយ ក្រុមតម្រួតនៅក្នុងតំបន់នោះដែរ បានចេញប្រតិបត្តិការទាំងយប់ទៅកាន់ចំណូចអូរផាត់ខុមវាលពោធិ ស្ថិតក្នុងភូមិ១៨ ឃុំខូតពីខំ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវ ។

ប្រភពដដែលបាន ឲ្យដឹងបន្តថា នៅពេលនោះដែរ ក៏ស្រាប់តែឃើញមានមនុស្សជាច្រើននាក់បានដើរឆ្លងកាត់ផ្លូវត្រង់ចំណុចខាងលើ ដោយនៅលើខ្នងម្នាក់ៗមានស្ពាយ សាកាដូ ផ្ទុកដោយឈើគ្រញូងពីមួយដុំទៅពីរដុំ ប៉ុន្តែគ្រាន់តែពួកគេក្រឡេកឃើញកម្លាំងជំនាញភ្លាម ស្រាប់តែមានសម្លេងមួយដែលជាភាសាខ្មែរ បានស្រែកឲ្យពួកគេទាំងអស់គ្នារត់គេចខ្លួន គឺនៅពេលនោះហើយដែលក្រុមនេះបានទំលាក់ឈើ ដែលនៅខាងក្រោយខ្នងចោល ហើយរត់គេចខ្លួនបាត់ ស្រមោល ដោយក្រុមជំនាញមិនអាចចាប់នរណាម្នាក់បានឡើយ ។

ក្រោយពេលត្រួតពិនិត្យគឺសមត្ថកិច្ចបានធ្វើការដកហូតឈើគ្រញូងចំនួន១១១ដុំ ដែលមានប្រវែងមួយម៉ែត្រទាំងអស់ ម៉ាស៊ីន អារឈើចំនួន៥គ្រឿង បន្ទះដែកផ្លែរណា ចំនួន៦សន្លឹក ខ្សែរណា ចំនួន១ខ្សែ សម្ភារ:ទាំងអស់នេះ បច្ចុប្បន្នត្រូវបានយកទៅ រក្សាទុកនៅទីតាំងរដ្ឋបាលព្រៃ ឈើខេត្តស្រះកែវ ដើម្បីធ្វើការបន្តក្នុងរឿងនេះព្រោះឈើគ្រញូងមួយដុំៗ សុទ្ធតែមានសរសេរឈ្មោះជាអក្សរខ្មែរ ថែមទាំងមានលេខទូរស័ព្ទទៀតផង ដែលគេសង្ស័យថា គឺជាការកុម្ម៉ង់ពីសំណាក់ដង្ខៅឈើធំៗ នៅក្នុងប្រទេសកម្ពុជា៕

photo_2016-05-10_16-36-53 photo_2016-05-10_16-33-19 photo_2016-05-10_16-36-50 photo_2016-05-10_16-32-56 photo_2016-05-10_16-33-05 photo_2016-05-10_16-33-13 photo_2016-05-10_16-32-30

មតិយោបល់