ព័ត៌មានជាតិ

ព្រូសបុកជាមួយរថយន្តតាក់ស៊ី ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តព្រូស មួយគ្រឿង ក្រឡាប់ផ្ងារជើងទៅលើមេឃ បន្ទាប់ពីបុកគ្នាជាមួយរថយន្តតាក់ស៊ីមួយគ្រឿង ដែលទើបតែធ្វើដំណើរមកពីខេត្តកំពង់ចាម ដឹកមនុស្សស្រី៧នាក់ ។ប៉ុន្តែសំណាងល្អបំផុត គ្មាននរណាម្នាក់រងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវ២៦៥ កែងនឹងផ្លូវ១៥០ ក្បែររបងមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីពេទ្យលោកសង្ឃ ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ព្រូសមួយ ពណ៌ទឹកប្រាក់ ពុំមានស្លាកលេខ បើកដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តតាក់ស៊ីវាលស្បូវ ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2U-4586 ជិះដោយប្រុសស្រី៨នាក់ គឺតៃកុងរថយន្តម្នាក់ និងអ្នករួមដំណើរជានារីចំនួន៧នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២៦៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តទាំង២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្ត ព្រូសក្រឡាប់ផ្ងារជើង។ ចំណែករថយន្តតាក់ស៊ីរងការខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

មតិយោបល់