ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចឲ្យមានអធិការកិច្ចលើករណីចៅក្រម ឈុន ច័ន្ទសីហា ដែលពលរដ្ឋប្តឹង

ភ្នំពេញៈ ទីបំផុត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យមានការចុះធ្វើអធិការកិច្ចហើយពាក់ព័ន្ធករណីពលរដ្ឋប្តឹងលោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាប។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គម Telegram នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ថា «លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចឲ្យអធិការកិច្ចក្រសួងពិនិត្យករណីនេះ»។

សូមបញ្ជាក់ថា ការដាក់បទបញ្ជាឲ្យក្រុមមន្ត្រីក្រសួងយុត្តិធម៌ចុះធ្វើអធិការកិច្ចលើករណីនេះ បានធ្វើឡើង ក្រោយពីក្រសួងយុត្តិធម៌ ទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លី អ៊ុំអេង ដែលបានប្តឹងលោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាប ទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណី ចេញដីកាសម្រេចឲ្យផ្អាក ការអនុវត្តន៍សាលដីកា របស់តុលាការកំពូល ក្រសួងយុត្តិធម៌នៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធនឹងករណីនេះលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ថា មកដល់ពេលនេះ គឺនៅមិនទាន់មានឃើញមន្ត្រីក្រសួងយុត្តិធម៌ចុះធ្វើអធិការកិច្ចលើករណី ពលរដ្ឋប្តឹងលោក ឈុន ច័ន្ទសីហា នៅឡើយទេ។

គួររំលឹកថា ឈ្មោះ លី អ៊ុំអេង បានប្តឹងលោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាប ទៅកាន់ស្ថាប័នធំៗចំនួន៣ គឺទី១ ក្រសួងយុត្តិធម៌ ទី២ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងទី៣ អង្គភាពប្រឆាំងអំពើពុករលួយពីបទ ពាក់ព័ន្ធករណីចេញដីកាសម្រេច ឲ្យផ្អាកការអនុវត្តន៍ដីកា តុលាការកំពូល។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ លី អ៊ុំអេង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ លោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចឲ្យផ្អាក លេខ៣៥(ឆ) ពស.អរវ/២០១៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដោយមិនអនុញ្ញាតឲ្យអនុវត្តសាលដីការដ្ឋប្បវេណី របស់តុលាការកំពូល លេខ៤០២(ក) ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់តុលាការកំពូល នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

មតិយោបល់