ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំ ដឹកឥដ្ឋ បុកជាមួយនឹងម៉ូតូហុងដាឌ្រីមសេ១២៥។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើកឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2352 រីឯម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-1623។
ចំណែកសាកសពនារីរងគ្រោះម្នាក់ ក្នុងចំណោមប្រុសស្រី៣នាក់ ឈ្មោះ ឡុង សែន អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូខាងលើជិះគ្នា៣នាក់ស្រី២នាក់ប្រុសម្នាក់ ជាអ្នកឌុប ដោយស្ត្រីរងគ្រោះជិះក្រោយគេ ធ្វើដំណើតាមបណ្តោយផ្លូវអង្គតាមិញ ល្បឿនមធ្យមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ស្តុបអង្គតាមិញ ក៏បានបើកឡើងផ្លូវ២០០៤ បំណង់បត់ឆ្វេងសំដៅទៅផ្លូវសហព័ន្ធរុស្ស៊ី តែគ្រាន់តែឡើងផ្លូវ២០០៤ បានបន្តិចក៏ស្រាប់តែរថយន្តបង្កបើកតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យស្ត្រីរងគ្រោះដែលជិះនៅខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈនោះអ្នកបើករថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។
បើតាមសម្តីប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង ផាន់នី បានឲ្យដឹងថា បងស្រីនាងដែលស្លាប់នេះជាស្ត្រីមេម៉ាយមានកូនស្រីម្នាក់ អាយុ១៦ឆ្នាំផងដែរ។
ក្រោយពីកើតហេតុ សាកសពជនរងគ្រោះត្រូវបានដឹកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង ដើម្បីរង់ចាំឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបង្កនិងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលផ្នែកចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/pf2rEbT-Z-s
មតិយោបល់