ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូរេចង្កូតជ្រុលបុករថយន្ត AUDI Q8 បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាបើកម៉ូតូរេចង្កូតជ្រុលបុករថយន្ត កំពុងបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក AUDI Q8 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-5797 បើកបរដោយបុរសម្នាក់។
ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HB-8474 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកខាងលើ តាមបណ្ដោយផ្លូវ៣៣៦ ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា ដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សបែកមាត់បែកមុខតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ដោយភាគីខាងម៉ូតូ ព្រមយករថយន្តទៅជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់