ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ថាវ ថាវី និងបក្ខពួកដាក់គុកម្នាក់២០ឆ្នាំ និងចេញដីកាតាមចាប់ខ្លួន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទចំនួន៣នាក់ រួមមានទី១ឈ្មោះ ថាវ ថាវី ហៅ ឡុង រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ,ទី២ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៣ឈ្មោះ យ៉ាំង លាង ហៅ យិន លាង ភេទប្រុស ជនជាតិវៀតណាម ដាក់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀលចូលជាថវិការដ្ឋ និងចេញដីកាតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ ថាវ ថាវី ហៅ ឡុង រ៉ាវី ជាមេគ្រឿងញៀនល្បីឈ្មោះប្រចាំតំបន់ត្រពាំងឈូក មកដាក់ទោសតាមច្បាប់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយមិនរាងចាលក្នុងបទឧក្រិដ្ឋបន្ទាប់ពីផ្តន្ទាទោសក្នុងបទមជ្ឈិម ដែលមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦២៣,៨៣ ក្រាម (សារធាតុសុទ្ធចំនួន ៧៧,៨៨%នៃគ្រឿងញៀនសរុប) ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់អង្គរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យោងតាមមាត្រា ៤០នៃច្បាប់ស្តពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្រ បានអះអាងថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀននៅម្តុំត្រពាំងឈូកមែន រហូតដល់មានការឃាត់ខ្លួនពីសមត្ថកិច្ចមែន។ ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនបានទិញគ្រឿងញៀនពីមេជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ថាវ ថាវី ហៅ ឡុង ថាវី នៅម្តុំត្រពាំងឈូក មុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនជាប់ចោទបាន បដិសេធថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ លាង ប៉ុន្តែមិនមែនជា ឈ្មោះ យ៉ាំង លាង ដែលតុលាការបង្គាប់ឲ្យនាំខ្លួនមកកាត់ទោសជាមួយគ្នានេះទេ។

ដោយឡែកជនជាប់ចោទឈ្មោះ យ៉ាំង លាង ក៏បានបដិសេធថា ខ្លួនមិនដែលបានទៅជួញដូរគ្រឿងញៀនអ្វីទេព្រោះខ្លួននៅក្នុងពន្ធនាគារព្រៃ ស ម១ យូរហើយដើម្បីអនុវត្តទោសរយៈពេល ៣០ឆ្នាំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៕

https://youtu.be/H8-o7RBYQME

មតិយោបល់