ភ្នំពេញៈ ប្រទេសកម្ពុជា នឹងមានការរៀបចំមហោស្រពភាសា និងវប្បធម៌អន្តរជាតិមួយ នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុងកោះពេជ្រ រាជាធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមកិច្ចសហប្រតិបត្តិការរវាង សាលាអន្តរជាតិហ្សាម៉ាន់ (ZIS) និងវិទ្យាស្ថាន សន្ទនាមេគង្គ (MDI) នៅថ្ងៃសោរ៍ ទី ២៥ ខែកក្កដា ចុងសប្តាហ៍នេះ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច។

មហោស្រពដែលរៀបចំឡើងដោយអង្គការភាសា និងវប្បធម៌អន្តរជាតិ ហៅកាត់ថា ILCO នេះ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញនូវភាពរុងរឿងនៃវប្បធម៌របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសអន្តរជាតិផ្សេងទៀត ហើយវាក៏ជាការបង្ហាញពីរសជាតិនៃម្ហូបអាហារ វប្បធម៌ និងសិល្បៈ របស់ជនជាតិខុសៗគ្នានៅក្នុងប្រទេសតែមួយផងដែរ។
មហោស្រពភាសា និងវប្បធម៌អន្តរជាតិ IFLC លើកទីបីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីយភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មាធិការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា និងឯកអគ្គរាជទូត តំណាងស្ថានទូត និងមន្រី្តរាជការ អមដោយ ឯកឧត្តម អ៊ាង សុផល្លែត អគ្គនាយកកិត្តិយសក្រុមហ៊ុនហ្សាម៉ាន់ ខូអិលធីឌី។
មហោស្រពនេះដែរ នឹងមានតាំងស្តង់ចំនួន ៤៥ តំណាងឱ្យសិល្បៈ និងវប្បធម៌ នៃប្រទេសនីមួយៗ ដែលបានចូលរួម ព្រមទាំងមានការសម្តែងផ្សេងៗនៅលើឆាក ពីសំណាក់អ្នករាំ អ្នកចម្រៀងជាតិ និងអន្តរជាតិ ជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា ILCO គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានគោលបំណងលើកកម្ពស់សេចក្តីសុខសន្តិភាព សេចក្តីស្រឡាញ់ និងការស្រង់យកបទពិសោធន៍ ពីវប្បធម៌នានាតាមរយៈសិល្បៈ និងតន្ត្រី នៅព្រះរាជាណាចក្រកម្ពុជា៕






មតិយោបល់