ព័ត៌មានជាតិ

ស៊យមែនទែន! ជួសជុលទូរសព្ទមិនបានលុយហើយ ត្រូវភ្ញៀវវាយឡើងរបួសធ្ងន់ទៀត

ភ្នំពេញ: ជាងជួសជុលទូរសព្ទដៃម្នាក់ ត្រូវបានជនប្រដាប់អាវុធ វាយនឹងស្នាប់កាំភ្លើង បណ្តាលឲ្យរងរបួសបែកក្បាល។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គាំ គឹមសាន អាយុ៣០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មុខរបរជាងជួសជុលទូរសព្ទ។ចំណែកជនបង្កមានឈ្មោះ អុន ។

ជនរងគ្រោះបានឲ្យដឹងថា កន្លះខែមុន ជនប្រដាប់អាវុធដែលជាជនបង្ក បានយកទូរសព្ទមួយគ្រឿងម៉ាកខេមហ្វូន មកឲ្យជួសជុលក្នុងតម្លៃ២ម៉ឺនរៀល ពេលមកយកទូរសព្ទវិញជនបង្កបានធ្វើការចោទប្រកាន់ថាជាងស៊ីគ្រឿង ហើយជនបង្កបានទារលុយ២ម៉ឺនរៀល ពីជនរងគ្រោះដែលជាជាងទូរសព្ទវិញ តែជនរងគ្រោះបានប្រាប់ថាចាំល្ងាចចាំសង ប៉ុន្តែជនបង្កមិនព្រមក៏ស្ទុះទៅទាញកៅអីវាយទៅលើជនរងគ្រោះជាច្រើនកៅអី មិនអស់ចិត្តក៏ដកកាំភ្លើងវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ដល់រូបគាត់ដែលជាជនរងគ្រោះផងដែរ៕

មតិយោបល់