បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការចាប់ខ្លួន ពាក់ពន្ធ័ករណី ជួញដូរ រក្សាទុក និងដឹកជញ្ជូន នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា ចំនួន៣០គ្រាប់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានការសម្របសម្រួលដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការចង្អុល ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ក្នុងភូមិសាស្រ្ត ឃាត់ខ្លួនបានជនសង័្សយម្នាក់ ។
ជនសង្ស័យមានឈ្មោះ ឡុង ចាន់រ៉ា ភេទប្រុស អាយុ ៥៣ ឆ្នាំរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងដកហូតបានថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (យ៉ាម៉ា WY)ចំនួន ៣០ គ្រាប់ ទម្ងន់ ២.៨៧ ក្រាម រថយន្តចំនួន១គ្រឿង ម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ក្រហម ស្លាកលេខ ប៉ៃលិន 1A- 0616 ដបច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង័្សយ និងបក្ខពួក មួយចំនួនទៀត ដែលសមត្ថកិច្ចកំពុង ស្រាវជ្រាវយកមកផ្តន្ទាទោស កំពុងតែធ្វើសកម្មភាពលើ្មសទាក់ទងនឹងគ្រឿងញៀន ក្នុងពេលដែលនគរបាលស្រុកភ្នំព្រឹកកំពុងចេញធ្វើសកម្មភាពនៅមូលដ្ឋាន ប៉ុន្តែក្នុងចំណោមនោះបក្ខពួកគេ បានរត់គេចខ្លួននៅ សល់តែឈ្មោះ ឡុង ចាន់រ៉ា ម្នាក់ ដែលចាប់បាន និងដកហូតបានវត្ថុតាងដូចខាងលើ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់