ព្រះសីហនុ:ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានរៀបចំទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៣ នៅវេទិកាបុណ្យជាតិ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តអាជីវករ ពាណិជ្ជករ សប្បុរសជននានា យ៉ាងច្រើនកុះករ ក្រោមអធិតីភាពឯកឧត្តម នាយឧត្តមសេនីយ ប៉ុល សារឿង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាអគ្គមេបញ្ជាការកងយោធាខេមរះភូមិន្ទ និងឯកឧត្តម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ឯកឧត្តម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសេចក្តីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្រាប់មិទ្ទិញអបអរសាទខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ២០១៦ ក្រោមប្រធានបទកាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា ដើម្បីគៀងគរថវិការចូលរួមជួយឧបត្តម្ភគាំទ្រទាំងកម្លាំងកាយ ចិត្ត ទ្រព្យសម្បត្តិ សម្ភារៈ ថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាក ការខ្វះខាតរបស់ជនរងគ្រោះពីឥទ្ធិពល នៃគ្រោះមហន្តរាយនានា ចាស់ជរា ទុរគតជន ក្មេងកំព្រា ប្រកបដោយមនុស្សធម៌ អាណិតអាសូរ យ៉ាងក្រៃលែងក្នុងបេសកកម្មមនុស្សធម៌ ជាពិសេសប្រតិបត្តិការឆ្លើយតបទៅ នឹងគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ពិសេសគ្រោះរាំងស្ងួតនៅរដូវប្រាំងឆ្នាំនេះនៅក្នុងរដ្ឋបាលដែនដីបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឆ្នាំនេះចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមបានដាក់ចេញនូវប្រធានបទ (កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា) ក្នុងនាមការងារមនុស្សធម៍ គោលការណ៍គ្រឹះក្នុងសកម្មភាពបន្តជានិរន្ត ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ និងជាមគ្គុទ្ទេស ដ៏សំខាន់ក្នុងការបំពេញតួនាទីដ៏មានសារៈសំខាន់ទៅតាមបរិបទជាតិ អន្តរជាតិ ដើម្បីទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការអនុវត្តវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើនូវសកម្មភាពមនុស្សធម៌ ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពជាមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្មគ្រ័ចិត្ត ឯកភាព ជាសកលភាពផងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក យន្ដ មីន មានប្រសាសន៍បន្តថា ក្នុងវិស័យមនុស្សធម៌ និងក្នុងទស្សនវិស័យពន្លឿននៃការកាត់បន្ថយភាពក្រីក្ររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការអនុវត្តនូវកម្មវិធីគម្រោងនានាជាច្រើននៅតាមសហគមន៍ ដោយប្រើប្រាស់ធនធានមនុស្ស ដែលកាកបាទក្រហមទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងពីដៃគូរសហប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា មានដូចជា កម្មវិធីសុខភាពសហគមន៍មូលដ្ឋាន កម្មវិធីសុវត្ថិភាពសហគមន៍ កម្មវិធីអនុវត្តន៍គម្រោងប្រាក់កម្ចីខ្នាតតូចដោយពុំយកការប្រាក់ កម្មវិធីសុវត្ថិភាពសហគមន៍ កម្មវិធីអនុវត្តន៍គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានកម្លាំងអ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាចុះអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជូនប្រជាជន ធ្វើឱ្យវិសាលភាពប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជាមានទំហំកាន់តែធំឡើងៗជារៀងរាល់ឆ្នាំ។
សមិទ្ធផល និងជោគជ័យដែលកាកបាទក្រហម ក៏ដូចជាសាខាអនុសាខាកាកបាទក្រហមសម្រេចបាន ពិតជាមិនអាចកាត់ផ្តាច់ចេញបានឡើយពីការជួយគាំទ្ររបស់សាខាអនុសាខា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដៃគូសហប្រតិបត្តិការពីការបរិច្ចាគ របស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ប្រការទាំងអស់នេះ បានកើតចេញពីផលផ្លែផ្កា នៃការរីកដុះដាលកម្លាំងស្មគ្រ័ចិត្តមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា សន្ទុះឆន្ទៈនៃការចូលរួមរបស់យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តសប្បុរសជន សមាជិក សមាជិការមានការរីកចម្រើនធំធាត់ទាំងបរិមាណ និងគុណភាព នៅលើទឹកដីខេត្តព្រះសីហនុ។
ហើយឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជាមានភារកិច្ចធំមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខដូចជាអំពើហិង្សា ការកើតមានជំងឺឆ្លងថ្មី បញ្ហាគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន និងបញ្ហាប្រឈមជាសកលមួយចំនួនទៀត ដែលបង្កដោយសារការបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្តៅនៃភពផែនដី បង្កឱ្យមានគ្រោះមហន្តរាយធំៗដូចជា គ្រោះរាំងស្ងួត ជះឥទ្ធិពលលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅក្នុងរដូវប្រាំង ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថាក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ២០១៥ សាខាកាកបាទក្រហមខេត្ត ទទួលថវិកាពីសមាជិក សមាជិកា សប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាចំនួន ៨០.០០០ដុល្លារអាម៉េរិក៕
មតិយោបល់