ព័ត៌មានជាតិ

បន្លំធ្វើជាភ្ញៀវហូបបាយស្រូប លួចលុយម្ចាស់ហាង៥០ម៉ឺនរៀល មិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ធ្វើការឃាត់ខ្លួន ខណៈដែលរូបគេចូលទៅហូបបាយស្រូបនៅក្នុងផ្ទះលក់បាយមួយកន្លែង រួចហើយចេញមកវិញបន្លំលួចយកប្រអប់ដាក់លុយមួយ ដែលមានលុយនៅក្នុងនោះចំនួន ៥០ម៉ឺនរៀល តែមិនសម្រេចត្រូវម្ចាស់គេឃើញទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់បាយមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនសង្ស័យមាន ឈ្មោះ វ៉ា យន់ ហៅម៉ាប់ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិគ្រួស ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូឌុបមួយគ្រឿង ចូលមកហូបបាយស្រូបនៅក្នុងផ្ទះលក់បាយខាងលើ រួចហើយ ក៏បន្លំ លួចយកប្រអប់ដាក់លុយ ដែលមានប្រាក់ចំនួន ៥០ម៉ឺនរៀល ទៅដាក់ក្នុងកាបូបស្ពាយរបស់ខ្លួន ស្របពេលនោះត្រូវម្ចាស់គេឃើញទាន់ ក៏ធ្វើការចាប់ខ្លួនភ្លាមៗ ប្រគល់ទៅឲ្យកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនតែម្តង។

ក្រោយពេលកើតហេតុ ប្រអប់លុយដែលមានប្រាក់ចំនួន៥០ម៉ឺនរៀល នោះត្រូវបានប្រគល់ទៅឲ្យម្ចាស់វិញ។ ចំណែកឯជនសង្ស័យត្រូវបានយកមកធ្វើការសាកសួរ និងកំណត់ហេតុនៅប៉ុស្តិ៍នគរបាលបឹងទំពុន ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់