ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទី យប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ៣៨១ ត្រង់ចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលរងរបួសនិងស្លាប់ខាងលើ ទី១មានឈ្មោះ ឃ្លុន វ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (រងរបួសធ្ងន់) និងម្នាក់ទៀតដែលស្លាប់មានឈ្មោះ ផុន ភាព ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ជាអ្នករួមដំណើរជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះ ក្រោយពីបង្កហេតុ ហើយនោះ បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ធន់ទេសចរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-9843 បើកបរក្នុងទិសដៅពីកើតទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបើកបត់ឆ្វេងទៅស្តាំដៃ ដោយខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-3865 ពេញទំហឹងតែម្តង បណ្តាលឲ្យខូចខាតសម្ភារ: រថយន្តបង្ករងការខូចខាតបន្តិចបន្តួច ចំណែកម៉ូតូជនរងគ្រោះខូចខាតទាំងស្រុង។

ក្រោយពីកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្តកិច្ចនាំយកមករក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់