អ្នកស្រាវជ្រាវមួយក្រុម បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនទើបរកឃើញភពថ្មីចំនួន ៧ មានសណ្ឋាន និងទំហំប្រហាក់ប្រហែលទៅនឹងភពផែនដី ឋិតនៅជុំវិញផ្កាយតូចមួយក្បែរភពក្រហមឈ្មោះ Trappist-1 ដែលអាចមានមនុស្សភពផ្កាយកំពុងរស់នៅ។
នេះគឺជាការរកឃើញភពដ៏ច្រើនដែលស្រដៀងទៅនឹងផែនដីជាលើកដំបូងបង្អស់ ហើយវាក៏ជាការទម្លុះទម្លាយច្រកផ្លូវដ៏សំខាន់បំផុតមួយសម្រាប់ក្រុមតារាវិទូក្នុងការតាមប្រមាញ់រកភាវមានជីវិតក្រៅប្រព័ន្ធសូរិយៈ (Solar System) ដោយសារតែក្នុងចំណោមភពទាំងប្រាំពីរដែលពោរពេញទៅដោយផ្ទាំងថ្ម មានភពបីត្រូវបានគេមើលឃើញថា ទំនងជាមានបរិយាកាសក្តៅល្មមសម្រាប់វត្តមានរបស់ទឹក និងជីវិត។ នេះបើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តរាយការណ៍ប្រាប់គេហទំព័រ Nature។
អ្នកវិទ្យាសាស្រ្តម្នាក់មកពីសកលវិទ្យាល័យ Cambridge លោក Amaury Triaud ដែលបានចូលរួមក្នុងបេសកកម្មស្រាវជ្រាវបានថ្លែងថា «នេះគឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការតាមរុករកជីវិតក្រៅភពផែនដី»។ លោកបន្ថែមថា «ពីមុនមក យើងមិនគិតថាយើងមានគោលដៅត្រឹមត្រូវនោះទេ ប៉ុន្តែ ឥឡូវនេះ យើងមានហើយ»។
គួរបញ្ជាក់ថា ប្រព័ន្ធនៃភពក្រហម Trappist-1 គឺមានចម្ងាយ ៣៩ ឆ្នាំពន្លឺពីភពផែនដី ម្លោះហើយ វាជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមតារាវិទូ សម្រាប់ការធ្វើទំនើបកម្មកែវយឹតតារាសាស្រ្តជំនាន់បន្តបន្ទាប់កាន់តែឆាប់ជាងការរំពឹងទុកពីមុនៗ អាចនៅប៉ុន្មានទសវត្សរ៍ខាងមុខ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរកសញ្ញាណនៃជីវិតតទៅទៀត៕
ប្រភពព័ត៌មានៈ channelnewsasia, thegaurdian
មតិយោបល់