ព័ត៌មានជាតិ

ជិះម៉ូតូ បុករថយន្តធន់ធំពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូមួយគ្រឿងជិះឌុបគ្នា៣នាក់ បើកលឿនទៅបុកពីក្រោយរថយន្តធន់ធំ ពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទី យប់ឆ្លងចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរភ្លើងស្តុប លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ប៉ក់ អាយុ២២ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវជន២នាក់ទៀត របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកឯកជន ដែលនៅក្បែរនោះ។

ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់