ព័ត៌មានជាតិ

Update: ឆ្លងចរន្តអគ្គិសនីបន្តិចបន្តួច កម្មកររោងចក្រ«SolaModa» ភ័យរត់បុកគ្នាដួលសន្លប់ជាង៤០នាក់

តាកែវៈ កម្មការីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «SolaModa» ស្ថិតនៅជិតទន្លេបាទី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជាង៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រខ្លួនធ្វើការ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមមន្ត្រីអធិការនគរបាលស្រុកបាទីខេត្តតាកែវបានឲ្យដឹងថា ករណីខាងលើនេះ គឺគ្រាន់តែមានការឆ្លងចរន្តអគ្គិសនី រួចបង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារៈបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែកម្មការិនី ជាង៤០នាក់ ក្នុងចំណោមកម្មករជាង៦០០នាក់ ដែលកំពុងធ្វើការក្នុងរោងចក្រ មានការភិតភ័យខ្លាំងពេក ក៏នាំគ្នាស្រវ៉ារត់ចេញមក្រៅ បុកគ្នាដួលសន្លប់ អ្នកខ្លះទៀតភិតភ័យខ្លាំងពេករហូតដល់សន្លប់បាត់បងស្មារតីក៏មាន ។

មន្ត្រីអធិការស្រុកដដែលបានបន្តថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលមូលដ្ឋានស្រុក បានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយបានប្រើបំពង់ពន្លត់អគ្គិភ័យទប់ស្កាត់អណ្តាតភ្លើងភ្លាមៗ និងបានឲ្យអ្នកគ្រប់គ្រងរោងចក្របិទចរន្តភ្លើងក្នុងរោងចក្រទាំងអស់ផងដែរ ជៀសវៀងមានការទុស្សេបន្ត ទៀត។

សូមបញ្ជាក់ថា ភ្លាមៗ កម្មករ កម្មការីនី ដែលភិតភ័យរហូតដល់ដួលសន្លប់ជាង៤០នាក់ខាងលើ ត្រូវបានដឹកតាមរថយន្តតូរីស យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកផងដែរ។ ប៉ុន្តែក្នុងនោះ ពួកគេពុំមានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សុខភាពឡើយ គ្រាន់តែភាគច្រើនពួកគេមានអាការ ភិតភ័យខ្លាំង ៕

ដួលសន្លប់

មតិយោបល់