ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់គាស់ផ្ទះពលរដ្ឋមិនសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ធ្វើការចាប់ខ្លួនបានជាក់ស្តែង ខណ:ដែលកំពុងធ្វើសកម្មភាពគាស់ផ្តះព្រជាពលរដ្ឋមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ យិន សំណាង ហៅប៉ូ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទីកន្លែងកំណើត ភូមិអង្គឃោក ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ទី២ឈ្មោះ អ៊ុន ថុល ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទីកន្លែងកំណើត ភូមិទន្លេបិត ឃុំដូនម៉ៅលើ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ទី៣ឈ្មោះ ឌិន សុខឡា ហៅឡា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទីកន្លែងកំណើត ភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ទី៤ឈ្មោះ តាំង ដានីសច្ច: ហៅចក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានទីកន្លែងកំណើត ភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ទូរសព្ទមួយគ្រឿងម៉ាក Sam Sung ពណ៌ស, ម៉ូតូមួយគ្រឿងម៉ាកហុងដាមូរ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1CU-5409 (របស់ជនសង្ស័យឈ្មោះ យិន សំណាង ),ដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន២, សោទីបលេខ៨ ចំនួន១ , ដែកតូចកែច្នៃសម្រាប់ឆ្កឹះមេសោចំនួន១ និងកូនពិលជ័រពណ៌ខៀវ១ និង ពណ៌លឿង១ (របស់ជនសង្ស័យឈ្មោះ អ៊ុន ថុល),ទូរសព្ទមួយគ្រឿងម៉ាក HIT ពណ៌ខ្មៅបែកអេក្រង់ , ម៉ូតូមួយគ្រឿងម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1B-4705 (ជារបស់ជនសង្ស័យឈ្មោះ តាំង ដានីសច្ច: ) ។

ចំណែកជនរងគ្រោះ ម្ចាស់ផ្ទះលេខ១ ផ្លូវ២៦៥ ក្រុមទី៤៤ភូមិ១៣ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយកើតហេតុ ពុំទាន់មកដាក់ពាក្យបណ្ដឹងទេ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យទាំង៤នាក់ កំពុងធ្វ់សកម្មភាពលួចឆ្កឹះមេសោផ្ទះជនរងគ្រោះខាលើ ដោយជនសង្ស័យ២នាក់ ជាអ្នកធ្វើសកម្មភាពឆ្កឹះមេសោផ្ទះ ចំណែក២នាក់ទៀត ជាអ្នកចាំមើលផ្លូវ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់