ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក មានផ្ទុះជំងឺរាតត្បាតពុលចំណីអាហារ បង្កឡើងដោយបរិភោគគុយទាវឆា បង្កឲ្យកូនសិស្សចំនួន ៦៥នាក់បានឈឺ (ប្រុស៣១ និងស្រី៣៤នាក់) នៅសាលាសំបួរសាគរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
អ្នកជំងឺបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពចំនួន ៥៤នាក់ និងនៅមន្ទីរពេទ្យចំនួន ១១នាក់ ។ រហូតដល់យប់ថ្ងៃទី២៤ កុម្ភៈ អ្នកជំងឺទាំងអស់បានធូរស្បើយអស់ ក្រោមការយកចិត្តទុកខ្ពស់របស់គ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
តាមការអង្គេតស្រាវជ្រាវលទ្ធផលបឋមរកឃើញថា ការពុលគុយទាវឆានេះបណ្តាលមកពីគុយទាវមានជាតិគីមី និងខ្វះអនាម័យ ។ តាមរបាយការណ៏ទូទាំងប្រទេសរកឃើញថា បញ្ហាពុលចំណីអាហារនេះមាន កើនឡើងជារៀងរាល់ឆ្នាំ និង នៅមិនទាន់គិតពីបញ្ហាពុលចំណី អាហារដែលប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជា រលាកក្រពះ ពោះវៀន តំរងនោម ថ្លើម ជំងឺមហារីក ។ល។
ដូច្នេះសូមបងប្អូនទាំងអស់មេត្តាយកចិត្តដាក់សុខភាពដោយ៖
– ត្រូវទិញអាហារបរិភោគនៅកន្លែងណាដែលឃើញមានអនាម័យ
– មិនត្រូវទិញអាហារដែលសង្ស័យមានដាក់ជាតិគីមី ដើម្បីឲ្យស្រស់ស្អាត និងស្វិតល្អ
– មិនត្រូវទិញអាហារដែលតំលៃទាបខុសធម្មតា ព្រោះជាអាហារខូចគុណភាព ហួសសុពលភាព ដាក់ជាតិគីមីដើម្បីទុកឲ្យបានយូរ
ពត៌មានបន្ថែមសូមទូរស័ព្ទមកលេខ ១១៥ (ដោយមិនគិតថ្លៃ ពីគ្រប់ប្រព័ន្ធ)៕
មតិយោបល់