ព័ត៌មានជាតិ

​រុស្សុី៖ ខ្លួន​សោក​ស្តាយ​ដែល​យន្តហោះ​របស់​សហភាព​អឺរ៉ុប​ នឹងបើក​វាងដែន​អាកាសរបស់​ប្រទេស​បេឡារុស

យន្តហោះ​ដឹកអ្នក​ដំណើរ​មួយ​គ្រឿង​ ដែល​ធ្វើ​ដំណើរ​ចេញពី​ក្រុង Athens ប្រទេស​ក្រិក​ទៅ​កាន់​ទីក្រុង Vilnius ​ប្រទេស​លីទុយអានី​នោះ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចត​ក្នុង​រដ្ឋធានី Minsk របស់​ប្រទេស​បេឡារុស បន្ទាប់​ពី​មានការ​គំរាម​ថា មាន​គ្រាប់​បែក​មួយ។​ ​

ការបង្ខំ​ឲ្យ​យន្តហោះ​នេះ​ចុះចត​ក្នុង​ប្រទេស​បេឡារុស ​បាន​បង្កើត​ឲ្យ​មាន​កំហឹងយ៉ាង​ខ្លាំង​ពី​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ក្នុង​សហភាព​អឺរ៉ុប បានសម្រេច​បើក​វាងដែន​អាកាស​ប្រទេស​បេឡារុស​ ហើយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ព្រមាន​ពី​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​នឹង​ប្រទេស​នេះ។

អ្នកនាំពាក្យរដ្ឋាភិបាល​រុស្សី​លោក Dmitry Peskov ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖​ «យើង​គ្រាន់តែ​សម្តែង​ការសោកស្តាយ​ប៉ុណ្ណោះ។ វា​មាន​តម្លៃ​ខ្លាំង​ណាស់​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ ដែលបើក​វាង​ដែន​អាកាសបេឡារុស​ ដែល​ជា​ប្រទេស​ធំគ្រាន់​បើមួយ​ដែរ​ ហើយ​ស្ថិតចំ​កណ្តាលទ្វីប​អឺរ៉ុប»។

លោក​បន្ថែម​ទៀត​ថា៖​ «ចុង​ក្រោយ​បំផុត​ ផែនការ​នេះ ធ្វើ​ឲ្យ​អ្នកដំណើរ​អស់​លុយច្រើន​ ហើយ​ត្រូវស្ថិត​ក្នុង​យន្តហោះ​ដែល​ជិះ​ផ្លូវ​វាង​នោះ​បន្ថែម​កន្លះ​ម៉ោង ​ឬ​មួយ​ម៉ោង​ទៀត»។

ប្រធានាធិបតី​បេឡារុស​ លោក Alexander Lukashenko ​និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ កំពុង​រង​ទណ្ឌកម្ម​របស់​អាមេរិក​និង​សហភាព​អឺរ៉ុប​ ចំពោះចំណាត់​ការ​របស់​លោក​ទៅ​លើ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ ដែល​កើត​មាន​ពាសពេញ​ផ្ទៃ​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី ​កាលពី​ខែ​សីហា​ ឆ្នាំ​២០២០៕

 

មតិយោបល់