ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ប៉ើងជាង១០ម៉ែត្រ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល ខណ:ដែលម៉ូតូ២គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នប៉ះគ្នាពេញទំហឹង ប៉ើងជាង១០ម៉ែត្រ នៅកណ្តាលទ្រូងផ្លូវតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៥៥នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតសាលាខណ្ឌទួលគោក ផ្លូវ១៨២ ទេពផន សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ម៉ូតូស្មាសវី ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-9791 ជិះគ្នា២នាក់ប្តីប្រពន្ធ បើកបរពីលិចទៅកើត តាមបណ្តោយផ្លូវ១៨២ ដោយចាកចេញពីផ្ទះនៅម្តុំទឹកថ្លា ទៅលក់ដូរនៅផ្សារអូរឫស្សី លុះបានមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូវីវ៉ា សេ១២៥ ពណ៌ខ្មៅ ភ្នំពេញ 1U-3927 ជិះគ្នាចំនួន២នាក់ បើកបរពីកើតទៅលិច បានវ៉ារថយន្តមួយគ្រឿងងាកមកប៉ះម៉ូតូ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាលខាងក្រោយ រីឯយុវជនជិះម៉ូតូវីវ៉ាសេ១២៥ រងរបួសបែកប្រអប់ជើងនិងដាច់ម្រាមជើង២ទៅ៣ខាងឆ្វេង ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិច ហុង ហាក់ បានចេញមកយកជនរងគ្រោះទាំង៣នាក់ ទៅព្យាបាលនិងសង្គ្រោះតែម្តង ។ ដោយអ្នករួមដំណើរជាមួយម្ចាស់ម៉ូតូវីវ៉ាសេ១២៥ បានគេចខ្លួនបាត់ មិននៅកន្លែងកើតហេតុឡើយ ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលបានវាស់វែងចម្ងាយពីម៉ូតូមួយទៅម៉ូតូមួយទៀតមានប្រវែង១០ម៉ែត្រជាង រីឯចំណុចនៃការបុក ឬប៉ះគ្នានៅចំកណ្តាលទ្រូវផ្លូវ ដែលទំហំផ្លូវទទឹងមានប្រវែង១២ម៉ែត្រ។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ កំពុងសម្រាកព្យាបាលនៅគ្លីនិច ហុង ហាក់ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនាពេលក្រោយ តាមផ្លូវច្បាប់៕

មតិយោបល់