ព័ត៌មានជាតិ

ពលរដ្ឋ បិទផ្លូវសំណូមពរឲ្យក្រុមហ៊ុន ណឹម ម៉េង ចាក់កៅស៊ូ និងស្រោចទឹក

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់សុខភាព ដោយសាររថយន្តដឹកថ្មធំៗ ចេញពីក្រុមហ៊ុន ណឹម ម៉េង បង្កឲ្យមានដីហុយ និងបើកបរលឿន ក្នុងភូមិពួកគាត់ ទ្រាំលេងបាន នាំគ្នាយកគល់ត្នោតបិតផ្លូ វដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ក្នុងជួសជុល ក្រាលកៅស៊ូ និងស្រោចទឹកយ៉ាងហោចណាស់ ២ដងក្នុង ១ថ្ងៃ បន្ទាប់ពីមានការបិតផ្លូវធ្វើឲ្យកកស្ទះចរាចរណ៍ ទើបមេការក្រុមហ៊ុន ណឹម ម៉េង បានចេញមកធ្វើការសម្របសម្រួលជាមួយពលរដ្ឋ ដោយសន្យាស្រោចទឹកបណ្តោះអាសន្នសិន ។

សកម្មភាព ពលរដ្ឋបិទផ្លូវរថយន្តដឹកថ្មចេញពីក្រុមហ៊ុន ណឹម ម៉េង នេះធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវទៅការដ្ឋានថ្មក្រុមហ៊ុន ណឹម ម៉េង ក្នុងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយប្រមាណជាង ១០០ម៉ែត្រ ពីសាលាឃុំ សែនដី ដោយគ្មានវត្តមានអាជ្ញាធរ មកអន្តរាគមន៍នោះទេ។

ប៉ុន្តែក្នុងនោះ គេសង្កេតឃើញមានការ សម្របសម្រួលពីសំណាក់លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង ទើបឃើញភាគីតំណាងក្រុមហ៊ុន ដោះស្រាយជាមួយពលរដ្ឋ និងសន្យាស្រោចទឹកមួយថ្ងៃ២ដង ជាបណ្តោះសិន។

ប្រជាពលរដ្ឋបាននិយាយថា ផ្លូវដែលទទួលរងការហុយ ក្នុងភូមិនោះ មានប្រវែងជាង១០០ម៉ែត្រប៉ុណ្ណោះ តែក្រុមហ៊ុនថ្ម ណឹម ម៉េង មិនព្រមចាក់កៅស៊ូសោះ។ ប៉ុន្តែបើក្រៅភូមិ មានចាក់កៅស៊ូមិនសូវហុយទេ។

អ្នកភូមិបន្តថា ជារៀងរាល់ថ្ងៃ ពួកគាត់ រងការប៉ះពាល់សុខភាពផ្លូវដង្ហើម ការហូបចុក និងហុយប្រឡាក់លំនៅដ្ឋានគ្រប់កន្លែង ទោះបីបោសសម្អាតយ៉ាងណាក៏មិនឈ្នះដែរ ដោយធូលីថ្មហុយទ្រលោម តាំងពីព្រលឹម រហូតដល់ព្រលប់ ដោយសាររថយន្តដឹកថ្មក្រុមហ៊ុន ណឹម ម៉េង នោះ។

ប្រជាពលរដ្ឋបន្តថា ក្រោយពីឃាត់រថយន្តកកកុញមិនឲ្យធ្វើចរាចរណ៍ប្រមាណ
ជិត ១ម៉ោង គេឃើញមេការក្រុមហ៊ុនបានមកដោះស្រាយ យល់ព្រមស្រោយទឹកបណ្តោះអាសន្ន និងបានប្រាប់អ្នកភូមិមូលហេតុដែលមេការមុនអត់ចាក់កៅស៊ូ ក្នុងភូមិនោះ ហើយធ្វើតែក្រៅភូមិ មកពីមេការមុនស្រឡាញ់កូនក្រមុំអ្នកស្រុកនេះអត់បាន ប៉ុន្តែឥឡូវត្រូវបានក្រុមហ៊ុនដេញចោលបាត់ហើយ ដូច្នេះចាប់ពីពេលនេះទៅគឺស្រោចរាល់ថ្ងៃ រង់ចាំចាក់កៅស៊ូពេលក្រោយ ។

បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានធ្វើការទំនាក់ទំនងទៅរដ្ឋបាល ក្រុមហ៊ុន ណឹម ម៉េង ពាក់ព័ន្ធរថយន្តបើកបរលឿនក្នុងភូមិអាចបង្កឲ្យមានគ្រោះថ្នាក់ ធូលីហុយខ្លាំងប៉ះពាល់សុខភាព និងការរស់នៅប្រចាំថ្ងៃជាពិសេសស្នើចាក់កៅស៊ូនោះ តំណាងក្រុមហ៊ុនបានឆ្លើយតបសន្យាស្រោច ទឹក២ដងក្នុង១ថ្ងៃ ហើយប្រហែលអាទិត្យក្រោយ ក្រុមហ៊ុនចាក់កៅស៊ូជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋនឹងរង់ចាំមើលក្រុមហ៊ុន ធ្វើដូចសន្យាជាមួយលោកអភិបាលស្រុកដែរឬយ៉ាងណា ៕

https://youtu.be/84GfTi4svZU

មតិយោបល់