កណ្តាលៈ អំពើហិង្សាមួយបានកើតឡើង រវាងពូ និងក្មួយ(បងប្អូន) បណ្តាលអោយក្មួយរបួសធ្ងន់ ខណៈដែលពូ បានប្រើក្មួយអោយទៅឡើងបេះដូង តែក្មួយមិនឡើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្មាំ២០១៧ នៅចំណុចភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយបានអោយដឹងថា ជនរងគ្រោះឈ្មោះ រឿន វីហ្សា ភេទ ប្រុស អាយុ៦ឆ្នាំ មុខរបរសិស្ស(ត្រូវជាក្មួយជនសង្ស័យ)មានទីលំនៅ ភូមិរទាំងត្បូងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឈន រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ(ត្រូវពូជនរងគ្រោះ)មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក កាំបិតបុ័ងតោ ចំនួន១ ពណ៌ស មានប្រវែង២៨សង់ទីម៉ែត្រ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានប្រើជនរងគ្រោះឲ្យឡើងបេះដូងនៅក្រោយផ្ទះរបស់ខ្លួន ប៉ុន្តែជនរងគ្រោះមិនព្រមឡើងបេះ ពេលនោះជនសង្ស័យខឹងបានយកកាំបិតដែលខ្លួនបានកាន់នៅនឹងដៃគប់ទៅលើជនរងគ្រោះបណ្តាលអោយត្រូវបាតជើងជនរងគ្រោះខាងធ្វេងរងរបួសហូរឈាម ដេរចំនួន៨ថ្នេរ។ លុះដល់ម៉ោង ១៥.០០ នាទីជីតារបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបានពាក្យបណ្តឹងនគរបាលប៉ុស្តិ៍ក៍បានចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំបិតគប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់