ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខ នៅក្នុងក្រុមហ៊ុន ផែស្ងួត ត្រេន ស្តារ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងការដ្ឋាន ខណៈដែលកំពុងយាមបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងផែស្ងួតកុងតឺន័រ ត្រេន ស្តារ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើ មានឈ្មោះ ហ៊ឺ វុធ ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរជាសន្តិសុខយាមក្នុងផែស្ងួតខាងលើ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកធ្វើការដូចធម្មតា រហូតដល់ម៉ោងកើតហេតុខាងលើ គាត់បានប្រាប់អ្នកធ្វើការជាមួយគ្នាថា គាត់អត់ស្រួលខ្លួនសោះ និងវិលមុខទៀតផង។ បន្ទាប់មកស្រាប់តែជនរងគ្រោះបានដួលទៅនឹងដី ឃើញដូចនោះអ្នកធ្វើការជាមួយគ្នា ក៏បានលើកជនរងគ្រោះមក ជួយរឹតប្រេងក្រឡា ដោយឃើញសភាពមិនស្រួល ក៏ដឹកគាត់យកមកពេទ្យ ឡាំ ប៊ុនថន ពេលមកដល់មន្ទីរពេទ្យ ដោយមិនទាន់បានចូលផងនោះ ពេទ្យក៏បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ រួចក៏ត្រូវបានបងប្អូន យកមកតម្កល់នៅវត្ត តក្ខបញ្ញោ ។
តាមការពិនិត្យជាក់ស្ដែង ពីជំនាញគឺពុំមានពាក់ព័ន្ធនឹងឃាតកម្មអ្វីនោះទេ ដោយមានស្នាមជាំស្លឈាម ស្លាក់ខ្យល់ នៅនឹងខ្លួន ដូច្នេះហើយសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារតែខ្យល់គ ហើយក្រុមគ្រួសារក៏ពុំមានប្ដឹងផ្ដល់អ្វីនោះទេនិងសុំយកសព ទៅធ្វើបុណ្យនៅស្រុកកំណើត ទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់