ព័ត៌មានជាតិ

សមត្ថកិច្ចដេញបង្ក្រាបបានក្រុមចោរឆក់ទូរសព្ទដៃ បានចំនួន២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនជាតិបរទេស បានសម្រេចព្យាយាមគេចខ្លួន អស់លក្ខ័ ត្រូវបានកម្លាំងនគរបាលខណ្ឌចម្ការមន ដាក់កម្លាំងដេញតាមជនសង្ស័យ ឈានទៅដល់ការចាប់ខ្លួនបានចំនួន២នាក់ ចំណែកបក្ខពួក២នាក់ទៀត គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុងខណ្ឌចម្ការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ក្រុមចោរមួយក្រុមមានគ្នា៤នាក់ បានចេញធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារី ជនជាតិបរទេសម្នាក់ បានសម្រេច ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសខណ្ឌចម្ការមនធ្វើការដេញតាមរហូត ឃាត់ខ្លួន២នាក់នៅក្នុងចំណោមបក្ខពួកផ្សេងទៀត បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការសួរនាំបន្ថែម។

តាមសម្តីរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា ខ្លួនមានគ្នា២នាក់ ទៀត ជាអ្នកជិះម៉ូតូនៅខាងក្រោយ ដោយសារតែចង់ទិញទូរសព្ទប្រើ ទើបសម្រេចចិត្តចេញឆក់ទូរសព្ទដៃ ប៉ះចំនារីជនជាតិបរទេសម្នាក់ ប៉ុន្តែត្រូវអស់ល័ក្ខបន្ទាប់ពីកម្លាំងប៉ូលិសដេញតាមចាប់។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចម្ការមន ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់