ព័ត៌មានអន្តរជាតិ

នៅហ្ស៊ីមបាវេ ស្លាប់ និងរបួស ២២៣ នាក់ ដោយសាររន្ទះ និងភ្លៀងធ្លាក់ខ្លាំង

ហ្ស៊ីមបាវេៈ អង្គភាពការពារស៊ីវិល (CPU) កាលពីថ្ងៃចន្ទ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១៧ នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅប៉ុន្មានខែចុងក្រោយនេះ ខណៈដែល ១០៦ នាក់ផ្សេងទៀត រងរបួសដោយសាររន្ទះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្ទះ និងខ្ទមនៅតាមជនបទជាង ១.៩៣០ ខ្នងរងការខូចខាតផងដែរ នៅទូទាំងប្រទេស ខណៈដែល ៦៣៥ គ្រួសារ ត្រូវបានចាកចេញ ដោយគ្មានផ្ទះសម្បែង។

រហូតមកទល់ពេលនេះ សរុបសាលារៀនចំនួន ៧១ ខ្នង ស្ថាប័នសុខភាព ០៥ និងទំនប់វារីអគ្គិសនីចំនួន ៧១ កន្លែង បានទទួលរងការខូចខាត ស្របពេលដែលផ្លូវ និងស្ពានជាច្រើន ត្រូវបានទឹកកួចនាំយកទៅឆ្ងាយ ដោយសារតែមានភ្លៀងធ្លាក់ឥតឈប់ឈរ។

គួរញ្ជាក់ផងដែរថា ប្រទេសហ្ស៊ីមបាវេ បានទទួលភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់តាំងពីខែមករាកន្លងមក ជាលទ្ធផលនៅក្នុងទំនប់វារីអគ្គិសនីភាគច្រើនមានទឹកហូរហៀរ និងបានបង្កើនហានិភ័យគ្រោះទឹកជំនន់ នៅតំបន់ផ្នែកទាបៗ ក្នុងប្រទេសនេះ៕

មតិយោបល់