មណ្ឌលគិរីៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅខេត្តមណ្ឌលគិរីចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ច ជំនាញឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានឈានដល់ធ្វើ ឆែកឆេរផ្ទះជួលរបស់ពួកគេស្នាក់នៅ និងរឹបអូសបានវត្ថុតាងរួមនិងថ្នាំញៀនមួយចំនួន។
នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក ឡេវ ប៉ុន បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺសមត្ថកិច្ចបានតាមដានសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះ អស់រយៈពេលច្រើនថ្ងៃមកហើយ ជាក់ស្តែងក្នុងពេល ឃាត់ខ្លួនជនសង្ស័យទាំងនេះ នៅជំហ៊ានទី១ គឺសមត្ថកិច្ចបានឃ្លាំមើល និងឃាត់បានជនសង្ស័យចំនួន២នាក់ រួមនិងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ១កញ្ចប់ធំ និងម៉ូតូ១គ្រឿង ស្របពេលដែលជនសង្ស័យខាងលើកំពុង ធ្វើសកម្មភាពចែកចាយតាមផ្លូវ បន្ទាប់មកសមត្ថកិច្ចបានឈានដល់ទៅឆែកឆេរផ្ទះជួលដែលពួកគេស្នាក់នៅ ដែលមានទីតាំងនៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ និងឃាត់ខ្លួនបានបក្ខពួករបស់ពួកគេ៣នាក់បន្ថែមទៀត រួមនិងថ្នាំញៀន១កញ្ចប់តូច សម្ភារៈប្រើប្រាស់គ្រឿងញៀន ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំងម៉ូតូចំនួន២គ្រឿង ។
លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងទៀតថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន សរុបមាន ចំនួន២កញ្ចប់ ទម្ងន់២,៨៥ក្រាម ហើយបច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវីធីច្បាប់៕
https://youtu.be/TvGLJIaArhM
មតិយោបល់