ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដែលបង្កើតឡើង ដើម្បីបើកតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍បណ្តោះអាសន្នលើដីឯកជនរបស់រដ្ឋក្នុងរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត ដើម្បីជំរុញការងារនេះឲ្យបានលឿន ពោលគឺឲ្យបានបញ្ចប់នៅមុនពេលបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខនេះ ។
កិច្ចប្រជុំគណៈកម្មការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ឧសភា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញជាប្រធាន។
គណៈកម្មការអន្តរក្រសួងនេះ ត្រូវបានតែងតាំងសមាសភាពចំនួន១៦រូប ក្នុងនោះរួមមានលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ គឺជាប្រធាន និងរដ្ឋលេខាធិការនៅក្រសួងពាក់ព័ន្ធមួយចំនួនទៀតជាសមាជិក។
ពាក់ព័ន្ធនឹងការងារនេះ លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ការងារខាងលើនេះយើងធ្លាប់និងបានអនុវត្តតាំងពីឆ្នាំ២០០៤មកម្លេះ ប៉ុន្តែក្នុងរយៈពេលជាង១០ឆ្នាំនេះ មិនទាន់ដោះស្រាយបញ្ចប់នូវឡើយទេ ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងនេះឡើង ក្នុងគោលបំណងជំរុញការងារនេះឲ្យបានលឿន និងត្រឹមត្រូវ។
លោកប៉ា សុជាតិវង្សបន្តថា សម្រាប់អាជ្ញាធររាជធានីមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេលើស្ថិតិប្រជាពលរដ្ឋដែលរស់លើដីឯកជនរបស់រដ្ឋនេះ ដែលដាច់ខាតត្រូវតែមានការចូលរួមពីក្រសួងស្ថាប័នទាំងអស់ ហើយក្នុងកិច្ចប្រជុំនេធ្វើឡើងដើម្បីឲ្យក្រសួង ស្ថាប័នទាំងអស់ស្រង់ស្ថិតិ ប្រជាពលរដ្ឋទាំងនេះឲ្យបានច្បាស់លាស់ ហើយយកមកដាក់លើតុជជែកពិភាក្សាគ្នា មុននឹដាក់ចូលទៅឲ្យប្រមុខរាជរដ្ឋាភិបាលសម្រេចចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា ត្រូវតែជំរុញការងារនេះឲ្យបានបញ្ចប់នៅមុនពេលបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខនេះ ។
គួរបញ្ជាក់ថា ការសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ចពិនិត្យទីតាំងប្រជាពលរដ្ឋរស់នៅលើដីឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរដ្ឋនៅតាមក្រសួង អង្គភាពពាក់ព័ន្ធ ដើម្បីកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ សម្រាប់ប្រទានកម្មជូនប្រជាពលរដ្ឋ។ បន្ទាប់ពីផ្ទៀងផ្ទាត់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលសុរិយោដីត្រូវចុះបញ្ជីដីធ្លីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតាមការកាន់កាប់ជាក់ស្តែង។
គណៈកម្មការអន្តរក្រសួងនេះ ក៏មានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសតាមការចាំបាច់ ដែលមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។ មួយវិញទៀត មានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់សាលារាជធានីភ្នំពេញ សម្រាប់ដំណើរការងាររបស់ខ្លួន។ សេចក្តីសម្រេចនេះ ត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីរដ្ឋក្នុងរាជធានីភ្នំពេញ៕
មតិយោបល់