ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានឆ្មក់ចូលបង្ក្រាបទីតាំងហាង ម៉ាស្សាកោសជប់ យីហោ ៥២៧ បានលួចបើកបម្រើសេវាកម្មផ្លូវភេទ និងជាទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ព្រមទាំងបានដកហូតថ្នាំញៀន ៣កញ្ចប់, ស្រោមអនាម័យ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងមួយចំនួន។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងចំណុចហាង ម៉ាស្សាកោសជប់យីហោ ៥២៧ ដែលបានបើកសេវាកម្មបម្រើផ្លូវភេទ ផ្ទះលេខ១១០៦ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យប្រុសស្រីទាំង ៧នាក់នោះ ទី១-ឈ្មោះ អ៊ិត ស៊ីម៉ាស ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ បម្រើការនៅហាងម៉ាស្សា (ជួញដូរ) ស្នាក់នៅកន្លែងម៉ាស្សាខាងលើ, ទី២-ឈ្មោះ សោ សន់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបររត់ម៉ូតូឌុប (ជួញដូរ) ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក, ទី៣-ឈ្មោះ វួន ស្រីពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ ម៉ាស្សា (ប្រើប្រាស់), ទី៤-ឈ្មោះ ផុំ ភាព ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ ម៉ាស្សា (ប្រើប្រាស់), ទី៥-ឈ្មោះ ជា សុខវ៉ាន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ ម៉ាស្សា (ប្រើប្រាស់), ទី៦-ឈ្មោះ រី ស្រីអូន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ ម៉ាស្សា (ប្រើប្រាស់) និងទី៧-ឈ្មោះ សុខ នី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ ម៉ាស្សា (ប្រើប្រាស់) បច្ចុប្បន្នអ្នកទាំង ៦នាក់ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការរឹបអូសបានវត្ថុតាងមួយចំនួន ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់តូច ស្រោមអនាម័យ១០កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង។
សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការចូលបង្ក្រាបទីតាំងខាងលើនេះ គឺសមត្ថកិច្ចយើងបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសដូចជា ឆក់ ប្លន់ លួច ល្បែងស៊ីសង និងគ្រឿងញៀន ខណៈពេលកំពុងជិះល្បាត ក៏បានប្រទះឃើញទីតាំងខាងលើ។ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ និងបានឆែកឆេររកឃើញថ្នាំញៀន ស្រោមអនាម័យ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនតែម្តង។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៧នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់