ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិនបោះឆ្នោតវេតូ ចំពោះសេចក្ដីសម្រចដាក់ទណ្ឌកម្មស៊ីរី របស់អង្គការសហប្រជាជាតិ

UN: ប្រទេសរុស្ស៊ី និងចិន កាលពីថ្ងៃអង្គារ បានបោះឆ្នោតប្រឆាំង ជុំវិញដំណោះស្រាយលើការដាក់ទណ្ឌកម្មស៊ីរី របស់អង្គការសហប្រជាជាតិ ដែលគាំទ្រដោយប្រទេសមហាអំណាចលោកខាងលិច ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

វិធានការដំណោះស្រាយនេះ បានធ្វើឡើងដោយប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលបានឈ្នះឆ្នោត សម្រាប់ការពេញចិត្តប្រាំបួនសំទ្បេង នៅឯក្រុមប្រឹក្សាសន្តិសុខ ខណៈដែលប្រទេសបីបានបោះឆ្នោតប្រឆាំងនឹងវា ក្នុងនោះមានចិន រុស្ស៊ី និងបូលីវី។ ចំណែកប្រទេសកាហ្សាក់ស្ថាន អេត្យូពី និងអេស៊ីបបានធ្វើអនុបវាទ។

សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ ទាមទារឲ្យមានការបោះឆ្នោតជាវិជ្ជមានប្រាំបួន និងគ្មានការធ្វើវេតូ ដើម្បីអាចអនុម័តបាន។

វាជាលើកទី៧ ហើយ ដែលរុស្ស៊ី ត្រូវជាសម្ព័ន្ធមិត្តយោធាកំពូលរបស់ប្រទេសស៊ីរី បានប្រើសិទ្ធិវេតូរបស់ខ្លួន ដើម្បីការពាររបបក្រុងដាម៉ាស។

ចិនដែលជាប្រទេសមួយ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍កាន់ដំបងវេតូទាំងប្រាំរបស់ក្រុមប្រឹក្សាសន្តិសុខ បានចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើវេតូលើសេចក្តីសម្រេចមួួយនេះចំនួនប្រាំមួយដងផងដែរ។

សូមជំរាប់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី ក្នុងអំឡុងពេលនៃការចរចាសន្តិភាព ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ គឺ «មិនសមរម្យទាល់តែសោះ» ហើយនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមជិតប្រាំមួយឆ្នាំរបស់ប្រទេសស៊ីរី៕

មតិយោបល់