ព័ត៌មានជាតិ

អ្នកនាំពាក្យថា៖ លោកចៅក្រម ហេង កេសរោ ឱ្យមេកន្ទុយលេខម្នាក់ ទៅផ្ទះវិញដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ

ភ្នំពេញ: បើយោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាម Telegram ថា កាលអនុញ្ញាតឱ្យមេកន្ទុយលេខម្នាក់ឈ្មោះ កែវ មុន្នី បានត្រលប់ទៅផ្ទះវិញនាម៉ោងប្រមាណជា ៦និង៣០នាទី យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ គឺ ដោយសារលោកចៅក្រម ហេង កេសរោ បានសម្រេចដាក់ជនត្រូវចោទអោយជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការក្រោយពីបានបញ្ចប់ការសួរចម្លើយ និងដេញដោលចំពោះមុខ និងបន្ទាប់ពីលោក កុល បុន ជាព្រះរាជអាជ្ញារងបានបើកការសើបសួរ និងបញ្ជូនជននេះទៅចៅក្រមស៊ើបសួរ។

ជនជាប់ចោទឈ្មោះ កែវ មុន្នី ភេទស្រីអាយុ ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ១៩ ផ្លូវលេខ៤ ក្រុមទី១៤ ភូមិទួរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០១៧ ម្សិលមិញ ដោយដកហូតបាននូវសម្ភារមួយចំនួនរួមាន៖ តុកត់ឆ្នោតចំនួន១ ក្រដាសកត់ឆ្នោតវៀតណាមមួយចំនួន ម៉ាស៊ីនថតចម្លងក្រដាសឆ្នោតចំនួន១គ្រឿង ម៉ាស៊ីនព្រីនចំនួន១គ្រឿង ម៉ាស៊ីនថតចម្លងក្រដាស A4 ចំនួន១គ្រឿង និងលុយខ្មែរចំនួន១.០៥០.០០០រៀល។

គួរកត់សម្គាល់ថា មេកន្ទុយលេខដែលត្រូវបានបញ្ជូនទៅកាន់តុលាការ មិនមែនសុទ្ធតែមានឱកាសបានត្រលប់ទៅផ្ទះវិញដូចគ្នានោះទេ ជាក់ស្តែងស្ត្រីឈ្មោះ កែវ មុន្នី ជាជនជាប់ចោទខាងលើនេះ មានសំណាងជាងស្ត្រីមេឆ្នោតឈ្មោះ ផៃ ភឿន ភេទស្រី អាយុ ៤២ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដែលមានផ្ទុកមេរោគអេដស៍ និងស្ត្រីមេកន្ទុយលេខម្នាក់ទៀត មកពីខណ្ឌដូនពេញ ដែលត្រូវតុលាការក្រុងភ្នំពេញបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារទាំងសន្លប់បាត់ស្មារតី កាលពីពេលថ្មីៗនេះ។ ដែលការសម្រេចចិត្តដោយផ្អែកលើច្បាប់ និងឆន្ទានុសិទ្ធិរបស់តុលាការ ដោយមានភាពខុសគ្នាបែបនេះ ត្រូវបានមតិមហាជនយល់ឃើញថា ហាក់មានស្តង់ដាពីរចំពោះបទល្មើសដូចគ្នា។

បើយោងតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់២០លានរៀល និងដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ៕

រូបស្ត្រីឈ្មោះ កែវ មុន្នី ដែលគេលែង

មេកន្ទុយលេខដែលសន្លប់ ត្រូវទៅជាប់ឃុំ

មតិយោបល់