ព័ត៌មានបច្ចេកវិទ្យា

Samsung បានចំណាយ ២១៥$ លាន ទិញយកបច្ចេកវិទ្យា AI ពីក្រុមអ្នកបង្កើត Siri របស់ Apple

ក្រុមហ៊ុន Samsung បានទិញយកបច្ចេកវិទ្យាបញ្ញាញាណនិម្មិត AI (Artificial Intelligence) ពីក្រុមអភិវឌ្ឍកម្មវិធីមួយឈ្មោះ Viv Labs ដែលជាក្រុមស្ថាបនិកជំនួយការឌីជីថល Siri របស់ Apple បច្ចុប្បន្ន ក្នុងតម្លៃទឹកប្រាក់ប្រមាណ ២១៥ លានដុល្លារ។

ព័ត៌មាននៃខ្ទង់ចំណាយនេះ ទើបត្រូវបានក្រុមហ៊ុនទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃម្សិលមិញ បន្ទាប់ពីខ្លួនប្រកាសទិញយកបច្ចេកវិទ្យា Viv នេះកាលពីខែតុលា ឆ្នាំ ២០១៦។ ចំពោះគោលបំណងនៃការទិញយកនេះ ពុំទាន់ត្រូវបានក្រុមហ៊ុន Samsung បញ្ជាក់ប្រាប់នោះទេ គឺគ្រាន់តែដឹងថា វាត្រូវបានច្របាច់បញ្ចូលក្នុងផ្នែកមួយនៃសាខាក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន Samsung នៅអាមេរិក។ ប៉ុន្តែ បើយោងតាមរបាយការណ៍កន្លងមកបាននិយាយថា ក្រុមហ៊ុននឹងយកវាទៅបំពាក់លើទូរសព្ទ Galaxy S8 ដែលកំពុងត្រៀមប្រកាសចេញឆាប់ៗខាងមុខនេះ។

ដោយឡែក ព័ត៌មានចចាមអារ៉ាមជាច្រើនបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េមួយនេះ មានរួចទៅហើយនូវកម្មវិធីជំនួយការសំឡេងឌីជីថល Bixby ដែលអភិវឌ្ឍឡើងដោយក្រុមវិស្វកររបស់ខ្លួនផ្ទាល់ សម្រាប់បំពាក់ជាមួយកម្មវិធី S Voice។

យោងតាមគេហទំព័រ sammobile ក្រុមហ៊ុន Samsung អាចនឹងទិញបច្ចេកវិទ្យា Viv Labs របស់អាមេរិក យកទៅធ្វើការវិភាគបច្ចេកវិទ្យា AI ផ្ទាល់របស់ខ្លួន ដើម្បីអភិវឌ្ឍវាឱ្យកាន់តែខ្លាំង។

គួររំឭកថា កម្មវិធី Siri ត្រូវបានក្រុមហ៊ុន Apple ទិញយកពីក្រុម Viv Labs កាលពីឆ្នាំ ២០១០ ក្នុងតម្លៃទឹកប្រាក់ ២០០ លានដុល្លារ ហើយជំនួយការសំឡេងឌីជីថលដ៏វៃឆ្លាតនេះ បានបង្ហាញវត្តមានលើកដំបូងនៅលើទូរសព្ទ iPhone 4s៕

មតិយោបល់