ភ្នំពេញៈ រថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ រេចង្កូតរថយន្តជ្រុលទៅបុករះ ផ្នូរវីរជន នៃវិមានឯករាជ្យ បណ្តាលឲ្យបាក់រងការខូចខាតបាក់អស់៤កង់។ ចំណែករថយន្តនៅតែបន្ថែមល្បឿនបើករត់គេច រហូតដល់ដាច់កាឡេ បើកទៅមុខលែងរួច ទើបម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង៥០នាទី រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX450 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0123 ដោយប្រជាពលរដ្ឋបានអះអាងថា ឃើញបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កមិនដឹងជាយ៉ាងមិច ស្រាប់តែបានរេចង្កូតជ្រុលទៅបុករះ ផ្នូរវីរជននៃវិមានឯករាជ្យពេញទំហឹង បណ្តាលឲ្យបាក់៤កង់ រួចរថយន្តបង្ក បានបន្តទៅ បុកអាងទឹកវិមានឯករាជ្យបន្ថែមទៀត។
ទោះជាយ៉ាងណា ក៏រថយន្តខាងលើមិនបង្អង់ល្បឿន បានថយក្រោយរួច បន្ថែមល្បឿនព្យាយាមបើករត់គេចខ្លួន ក៏ប៉ុន្តែរថយន្តរងការខូចខាតផ្នែកខាងមុខបណ្តាលឲ្យដាច់កាឡេកង់ រងការខូចខាត បើកទៅមុខលែងរួច ទើបម្ចាស់រថយន្តសម្រេចចិត្ត បើកទ្វាររថយន្ត រត់គេចខ្លួនដោយមានគ្នីគ្នា ជិះតាមមកយកទៅបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តខាងលើចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ផងដែរ៕
មតិយោបល់