ព័ត៌មានជាតិ

ជាង១៥នាទីសោះ មានគ្រោះថ្នាក់ចរាចរណ៍២កន្លែង ក្នុងខណ្ឌដូនពេញ

ភ្នំពេញៈ គ្រាន់តែជាង១៥នាទី មានគ្រោះថ្នាក់ចរាចរណ៍២កន្លែង នៅក្នុងទឹកដីខណ្ឌដូនពេញ បណ្តាលឲ្យមាន មនុស្សម្នាក់រងរបួស និងខូចខាតរថយន្តរួមទាំងម៉ូតូ៣គ្រឿង។

ក្នុងនោះដែរ ករណីទី១ បង្កឡើងដោយបុរសម្នាក់ស្រវឹង បើករថយន្តទៅបុក បង្គោលថ្មនៅមុខផែថ្ម បាក់អស់២ដើម រួចជ្រុលទៅបុក ដើមអំពិល ទើបទៅមុខលែងរួច។ ក្រោយបង្ករហេតុ ម្ចាស់រថយន្ត ឡើងជិះម៉ូតូឌុប គេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តម៉ាក Great Wall GWFL.. ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-1745នៅនឹងកន្លែង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥នាទីយប់ ឆ្លងចូលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកករណីទី២ គឺបង្កឡើងដោយម៉ូតូនិងម៉ូតូបុកគ្នា នៅមុខបារ ទន្លេសាប បណ្តាលឲ្យមនុស្សម្នាក់ រងរបួសត្រូវដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់ ឆ្លងចូលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយក មធ្យោបាយទាំងអស់ មកកាន់ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់