ព័ត៌មានជាតិ

សមមុខ ! ចោរស្ទាវឆក់ខ្សែកកូនក្មេងមិនបានសម្រេចត្រូវប៉ូលីសចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីម្នាក់ មិនបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នង អាត ហៅខ្មៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ និងមានស្រុកកំណើតនៅឃុំលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ុ ស្រីរ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរចាប់ហួយនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុម១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនកំពុងតែអង្គុយលក់ដូរនៅក្នុងផ្ទះ រឺឯកូនស្រីរបស់ខ្លួនបានរត់លេងនៅលើផ្លូវមុខផ្ទះតែម្នាក់ឯង ខណ:ពេលកំពុងតែរត់លេង ស្រាប់តែបានឃើញជនសង្ស័យម្នាក់ បានដើរតាមពីក្រោយកូនស្រីរបស់គាត់ ហើយបានធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីនពីកកូនស្រីរបស់គាត់តែម្តង ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់រួចមក ក្មេងស្រីរងគ្រោះបានរត់មកប្រាប់ម្តាយរបស់គេថា “ម៉ែមានគេឆក់ខ្សែកខ្ញុំទៅបាត់ហើយ” ភ្លាមៗនោះ ម្តាយជនរងគ្រោះ បានចេញពីក្នុងផ្ទះ ក៏ឃើញជនសង្ស័យបំរុងគេចខ្លួន បានស្រែកផ្អើលឆោឡោថាចោរៗ ខណ:ពេលកំពុងស្រែកក៏បានជួបជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែកំពុងតែជិះល្បាតក្នុងមូលដ្ឋាន ហើយត្រូវបានសមត្ថកិច្ចឃើញក៏ចុះអន្តរាគមន៍ដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបានតែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ និងបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។ ចំណែកឯសម្ភារ:ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់