ព័ត៌មានជាតិ

ចោរឆ្កឹះសោរបងចូលលួចម៉ូតូម្តង៦គ្រឿង ក្នុងមួយយប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ប្រជាពលរដ្ឋក្នុងភូមិត្រពាំងពោធិ៍ ផ្អើលឆោឡោទាំងព្រឹក បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោទ្វាររបង ចូលលួចម៉ូតូមួយយប់អស់សេ១២៥ ចំនួន៦គ្រឿង ទៅបាត់ដោយសុវត្តិភាព ទម្រាំដឹងថាបាត់ ទើបនាំគ្នាផ្អើលនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅកន្លែងទទួលផ្ញើ ត្រង់ចំណុចផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ទីតាំងផ្ទះជួល និងទទួលផ្ញើរម៉ូតូ ចំណុចកើតហេតុ មានស្រ្តីឈ្មោះ កៅ ស្រីម៉ៅ អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួល និងទទួលកន្លែងផ្ញើម៉ូតូ ស្នាក់នៅទីតាំងកើតហេតុ មានស្រុកកំណើត ភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម៉ូតូទាំង៦គ្រឿងដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ទាំងអស់៖ ទី១ ម៉ាកហុងដា សេរ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8413 ម្ចាស់កម្មសិទ្ធឈ្មោះ សុះ សាលី ។ ទី២ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-1494 ម្ចាស់កម្មសិទ្ធ ឈ្មោះ អ៊ឹម ឡំ ។ ទី៣ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-5151 ម្ចាស់កម្មសិទ្ធ ឈ្មោះ ហ៊ួយ ណាក់ណា ។ ទី៤ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-9352 ម្ចាស់កម្មសិទ្ធ ឈ្មោះ យ៉ាន ធូ ។ ទី៥ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-7279 ម្ចាស់កម្មសិទ្ធ ឈ្មោះ សាត សុផៃ ។ ទី៦ ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-4937 ម្ចាស់កម្មសិទ្ធ ឈ្មោះ ឆាយ ជ័យ ។

តាមប្រភពពីស្រ្តីឈ្មោះ កៅ ស្រីម៉ៅ ម្ចាស់មើលការខុស ត្រូវទីតាំងកើតហេតុ បានឲ្យដឹងថា ក្រោយពីម៉ូតូ អ្នកយកមកផ្ញើ ទុកដាក់ហើយ នៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ គាត់និងក្រុមគ្រួសារ ចូលដេកសម្រាកជាប់កន្លែងទុកដាក់ម៉ូតូ ដូចសព្វដង ស្រាប់តែដល់វេលាម៉ោង៥និង២០នាទី ម្ចាស់ម៉ូតូ មកយកម៉ូតូ ឃើញទ្វាររបងខាងក្រៅ របើកបាត់ទៅហើយ មើលទៅរបង មួយជាន់ទៀត ត្រូវបានកាត់ច្រវាក់ ម្ចាស់រកម៉ូតូមិនឃើញ ផ្អើលឆោឡោ នាំគ្នាមកមើល សរុបម៉ូតូ៦គ្រឿង ត្រូវបានជនសង្ស័យលួចយកទៅបាត់ ។

ក្រោយពីដឹងថា ម៉ូតូ៦គ្រឿងចោរលួចបាត់ ពីទីតាំងតែមួយ ក្នុងមួយយប់ ឆោឡោរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្តែង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងពិនិត្យទីតាំងកើតហេតុ ទទួលបណ្តឹងពីម្ចាស់ម៉ូតូនីមួយៗហើយ៕

មតិយោបល់