ព័ត៌មានជាតិ

ទៀតហើយ ! ឃាត់ខ្លួនស្ទាវវ័យ១៩ឆ្នាំ០២នាក់ សង្ស័យករណីជួញដូរគ្រឿងញៀន

ក្រចេះ: កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវខាងលិចមន្ទីរបរិស្ថានខេត្តក្រចេះ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ទី១មានឈ្មោះ ចាន់ រ៉ាវី អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ, ទី២មានឈ្មោះ ណា ពន្លឺ អាយុ១៩ឆ្នាំ មុខរបរលាងឡាន ស្នាក់នៅភូមិកំពុងថ្ម ឃុំកំពុងថ្ម ស្រុកកំពុងសៀម ខេត្តកំពុងចាម ។ ក្រោយពីធ្វើការបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់តូច ។

តាមប្រភពដដែលបានឲ្យដឹងថា សមត្ថកិច្ចបានបន្តប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន រហូតដល់ម៉ោង១៣និង៤០នាទីរសៀល នៅចំណុចមុខវិទ្យាល័យក្រចេះក្រុង ស្ថិតក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្នុងនោះកម្លាំងអធិការដ្នាននគរបាលក្រុងក្រចេះ ក៏បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់បានចំនួន០១នាក់ទៀត ឈ្មោះ សេង ថាវិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិឈើទាលភ្លោះ ឃុំឈើទាលភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌ស ចំនួន០១កញ្ចប់តូច (នៅជាប់ខ្លួនជនសង្ស័យ) និងបន្តទៅឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ សេង ថាវិន ស្ថិតក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខណ:នោះកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះបានឆែកឆេររកឃើញ និងដកហូតវត្ថុតាងបន្ថែមទៀតដែលរួមមាន ម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់តូច, ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០៣, ថង់សម្រាប់រំលែកគ្រឿងញៀន មួយចំនួន, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន និងឧបករណ៍សម្រាប់ចម្រាញ់ទឹកសល់ពីការជក់គ្រឿងញៀន (ចង្ក្រានហ្គាស០១, ចានថ្មសំប៉ែត០១) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីនៃច្បាប់​ ។

មតិយោបល់