ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនយុវតីម្នាក់ ដកហូតបានថ្នាំញៀនជាង២០កញ្ចប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជានារីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ យី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃខណ្ឌទួលគោក បានជិះល្បាតក្នុងភូមិកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យ ខាងលើ ដោយការសង្ស័យ សមត្ថកិច្ចបានឃាត់ដើម្បីឆែកឆេរ ក៏រកឃើញ ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់តូចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់