ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តស្រះកែវ ចុះពិនិត្យមើលទំនិញ នៅផ្សាររុងក្លឿ

បន្ទាយមានជ័យ:អាជ្ញាធរ ខេត្តស្រះកែវ ថៃ អមដោយសមត្ថកិច្ច ជាច្រើននាក់ ដឹកនាំដោយលោក ផាក់រ៉ាក់ថន ធៀនឆៃ ជាអភិបាលខេត្ត បានចុះមកផ្សាររុងក្លឿ ពិនិត្យមើលនៅទំនិញ ដែលលក់ដូរ លើទីផ្សារ មួយនេះ បើតាមប្រភព ពីទឹកដី ថៃ បានឲ្យដឹង នៅព្រឹកថ្ងៃទី១១ ឧសភា ២០១៦។

គេពុំដឹងថា ការចុះត្រួតពិនិត្យ នៅផ្សាររុងក្លឿង អំពីសំណាក់អាជ្ញាធរ ថៃ ផ្តោតសំខាន់ទៅលើអ្វីនោះទេ ប៉ុន្តែបើតាមអាជីវករខ្មែរ ដែលលក់ទំនិញចម្រុះ នៅទីនោះ បានបង្ហើបថា អាចជាការចុះពិនិត្យមើល ផ្តោតលើទំនិញរំលោភកម្មសិទ្ធបញ្ញា លើទីផ្សាររបស់គេថា តើអាជីវករខ្មែរ លក់អស់តាមការកំណត់ ដែលកន្លងមក គេទុកពេលឲ្យរយៈពេល ២ខែ ហើយ ឬនៅ។

យ៉ាងណាក៌ដោយ ប្រភពបន្តថា អាជ្ញាធរ និងសមត្ថកិច្ច ថៃ មិនបានចាប់ទំនិញ ណាមួយនោះទេ ហើយពួកគេបានវិលត្រឡប់ទៅវិញអស់ មុនម៉ោង ១២ថ្ងៃត្រង់ នៃថ្ងៃដដែល។ ករណីខាងលើ ត្រូវបានលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរ ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ប្រាប់តាមបណ្តាញទំនាក់ទំនង វ៉សអាប់ ដល់ភ្នាក់ងារយើងថា នៅរសៀលថ្ងៃទី១១ អាជ្ញាធរថៃ មិនបានជូនដំណឹងដល់លោកទេ តែលោកថា អាចជាលក្ខណៈធម្មតារបស់អាជ្ញាធរខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ដែលចុះមើលពីទំនិញសេដ្ឋកិច្ច ពាណិជ្ជកកម្មលើទីផ្សាររបស់គេ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កន្លងមក ក្រុមជំនាញខាងចាប់ទំនិញ រំលោភកម្មសិទ្ធបញ្ញាថៃ បានចុះចាប់ទំនិញនៅផ្សាររុងក្លឿរបស់ខ្មែរ គិតជាប្រាក់រាប់លានបាត ហើយក្រោយមក ក៌មានព័ត៌មានថា អាជ្ញាធរ និងសមត្ថកិច្ច បានហាមឃាត់អាជីវករខ្មែរ បញ្ឈប់នាំចូលទំនិញរំលោភកម្មសិទ្ធបញ្ញា ទៅលក់លើទីផ្សាររបស់គេ និងទុកពេលឲ្យលក់ត្រឹម ២ខែ ប៉ុណ្ណោះ។ ប្រភពថា នៅផ្សាររុងក្លឿ ទឹកដីថៃនោះ មានតូបជាង ៣០០០កន្លែង ដែលអាជីវករខ្មែរ កំពុងរកស៊ីលក់ដូរ មកទល់បច្ចុប្បន្ន៕

photo_2016-05-11_20-09-23 photo_2016-05-11_20-09-25 photo_2016-05-11_20-09-28 photo_2016-05-11_20-09-30 photo_2016-05-11_20-09-32 photo_2016-05-11_20-09-35 photo_2016-05-11_20-09-37 photo_2016-05-11_20-09-41 photo_2016-05-11_20-09-45 photo_2016-05-11_20-09-50

មតិយោបល់