ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយក​កាំបិតប៉័ងតោ​កាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួស

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​កាំបិតប៉័ងតោ​កាប់​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩​និង​០៥​នាទី​ ត្រង់​ចំណុច​ បុរី​ពិភព​ថ្មី​ ផ្លូវ​លេខ​០៨B​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ មឿ​ន​ វិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ផ្ទះ​លេខ​១៩០​ ផ្លូវ​លេខ​០៥​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ណា​រ៉ែ​ន​ ភស្តា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បន្ទាប់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​មក​ដល់​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ឈ្មោះ​ ណា​រ៉ែ​ន​ ភស្តា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រួម​នឹង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ពី​ ពណ៌​ខ្មៅ​ ពាក់ផ្លាក​លេខ​ភ្នំពេញ​ 1IC-0430​ មាន​លេខ​តួ​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ IPHONE​ ពណ៌​ខ្មៅ​ ចំនួន​០១​គ្រឿង​ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​តាម​នីតិវិធី​ច្បាប់​ ។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន​ឆ្លើយ​សារភាព​ ប្រាប់​សមត្ថកិច្ច​ថា​ រូបគេ​ (​ជនសង្ស័យ​)​ និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ប្រាកដ​មែន​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់