ព័ត៌មានជាតិ

អីយ៉ាស់ថ្មីទៀតហើយ! បន្លំលួចទូរសព្ទនិងរថយន្តតាក់ស៊ីឆយ គេចមិនរួចជាប់ក្រញ៉ាំសមត្ថកិច្ច

ភ្នំពេញៈ សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្តលួចយករថយន្ត និងទូរសព្ទ តែគេចខ្លួនមិនផុត ត្រូវអ្នកបើករថយន្តបើកដេញតាម រហូតឃាត់ខ្លួនបាន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ចាន់ វង់ឡេង ហៅវុធ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដកហូតបាន ទូរសព្ទមួយគ្រឿង HIYA ពណ៌ផ្កាឈូក និងរថយន្តមួយគ្រឿងម៉ាក SONATA កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3894 ( ជារបស់ជនរងគ្រោះ បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ) ។

ចំណែកជនរងគ្រោះឈ្មោះ ចាម ស៊ីថា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ីឆយ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ បានទូរសព្ទមកក្រុមហ៊ុនតាក់ស៊ីឆយ ដើម្បីធ្វើជាជួលរថយន្តតាក់ស៊ីជិះ។ បន្ទាប់មកខាងក្រុមហ៊ុនតាក់ស៊ី បានចាត់ឲ្យជនរងគ្រោះ ជាបុគ្គលិក បើកបររថយន្តតាក់ស៊ីឆយ ធ្វើការទំនាក់ទំនងតាម ទូរសព្ទទៅជនសង្ស័យ ហើយជនសង្ស័យនិងជនរងគ្រោះ បានណាត់ជួបគ្នានៅផ្ទះសំណាក់មួយ នៅក្បែរបុប្ផារាជធានី ហើយក៏និយាយគ្នាតម្លៃត្រូវរ៉ូវគ្នា ១០០ដុល្លារ ក្នុងមួយថ្ងៃ ដោយជនសង្ស័យជួលរយៈ ពេល៦ថ្ងៃ ក្នុងរាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១និង៣០ នាទីជនសង្ស័យ បានឲ្យស្រ្តី២នាក់ ដោយឲ្យជនរងគ្រោះ បើកបររថយន្តដឹកមកផឹកស៊ីនៅភោជនីយដ្ឋានវិចិត្រ៣ ផ្លូវ២៨៥ ក្រុមទី៤៧ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រួចជនសង្ស័យបានហៅជនរងគ្រោះឲ្យមកផឹកជាមួយដែរ។ ពេលកំពុងផឹកជនសង្ស័យ បានធ្វើជាខ្ចីទូរសព្ទដៃម៉ាក SamSung Galaxy J7 ពណ៌ស របស់ជនរងគ្រោះលេងហ្គេម ហើយបានខ្ចីសោរថយន្តតាក់ស៊ី ពី ជនរងគ្រោះ ថាយកទៅបញ្ជូលថ្មទូរសព្ទនៅក្នុងរថយន្តតាក់ស៊ី លុះពេលបានកូនសោរថយន្តពីជនរងគ្រោះហើយ ស្រាប់តែជនសង្ស័យបាន បើករថយន្តគេចខ្លួន។

ប្រភពដដែលបន្តថា ភ្លាមនោះជនរងគ្រោះក៏បានជិះម៉ូតូឌុបដេញតាមពីក្រោយជនសង្ស័យ រហូតមកដល់ស្រុក ស្អាង ខេត្តកណ្ដាល ទើបឃាត់ខ្លួនបាន លុះមកដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៧ និង៣០នាទី ជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ តែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់