ព័ត៌មានអន្តរជាតិ

ស្តេចម៉ាឡេស៊ី បង្ហាញព្រះទ័យខកបំណង ជុំវិញរឿងអំពើពុករលួយ និងការលួចបន្លំនៅតែកើតមាន ក្នុងរដ្ឋាភិបាល

ម៉ាទ្បេស៊ីៈ ព្រះចៅ Sultan Muhammad ទី៥ ដែលជាស្តេចនៃប្រទេសម៉ាទ្បេស៊ី នៅថ្ងៃចន្ទនេះ បានសម្តែងការខកចិត្ត ទៅលើការកើតមានឡើងនូវអំពើពុករលួយ ការលួចបន្លំ និងការលេចធ្លាយព័ត៌មាន ជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល និងអតីតមន្រ្តីរាជការស៊ីវិល។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

ការលើកទ្បើងរបស់ព្រះអង្គ បានធ្វើនៅអំទ្បុងពេលបើកកិច្ចប្រជុំផ្លូវការ លើកដំបូងនៃសម័យប្រជុំទីប្រាំ ក្នុងរដ្ឋសភាលើកទី ១៣ របស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ។

ព្រះអង្គបានមានព្រះរាជបន្ទូលថា «ទោះបីជាមានមន្រ្តីមួយចំនួនតូចប៉ុណ្ណោះ ដែលបានចូលរួមក្នុងសកម្មភាពបែបនេះ ក៏ពិតមែន ប៉ុន្តែវាបានធ្វើឲ្យបាត់បង់ការជឿទុកចិត្ត របស់ប្រជាជនមកលើរដ្ឋាភិបាល»។ ព្រះអង្គបានបន្តថា «ដូចអ្វីដែលបានលើកទ្បើង ខ្ញុំសូមស្វាគមន៍ ចំពោះការផ្លាស់ប្តូរ ដើម្បីនាំយកអ្នកដែលពាក់ព័ន្ធទាំងនោះ ទៅកាន់តុលាការ ហើយប្រជាជន ក៏ត្រូវតែផ្តល់នូវការគាំទ្រ ដោយមិនត្រូវជាប់ពាក់ព័ន្ធនឹងអ្នក ដែលផ្តល់ជូននូវការសូកប៉ាន់ ឬធ្វើឯកសារសម្ងាត់ ដែលគ្មានការអនុញ្ញាតពីច្បាប់ទ្បើយ»៕

មតិយោបល់