ព័ត៌មានជាតិ

ជនសង្ស័យម្នាក់យករថយន្តស្លាកលេខខេមរភូមិន្ទ ធ្វើសកម្មភាពឃាត់ឡានដឹកទំនិញទារប្រាក់

ភ្នំពេញ: នៅវេលាម៉ោង០០និង៤០ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ យករថយន្តស្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសម្លុតគំរាមកំហែងទារប្រាក់ ត្រង់ចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីជនសង្ស័យយករថយន្តស្លាកលេខខេមរភូមិន្ទ ធ្វើសកម្មភាព ឃាត់រថយន្តដឹកទំនិញ និងគំរាមកំហែងទារប្រាក់ នៅចំណុចទីតាំងខាងលើ កម្លាំងល្បាតអាវុធហត្ថ ខណ្ឌដង្កោ បានចុះដល់ទីតាំងផ្ទាល់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស យកមកសួរនាំនៅមូលដ្ឋាន អាវុធហត្ថ ខណ្ឌដង្កោ ។

ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ លទ្ធផលសំណាកជនសង្ស័យ (អវិជ្ជមានកូវីដ១៩) ។

វត្ថុតាងចាប់យក៖ រថយន្តចំនួន០១គ្រឿង ម៉ាក FORD RANGER (ចង្កូតស្តាំ) ឆ្នាំផលិត2011 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ09. 2-6924 ។ សាជីចំនួន០៦ដើម ។ ទូរស័ព្ទចំនួន០២គ្រឿង ។ ស្រោមកាំភ្លើងខ្លីចំនួន០១ដើម ។ ថ្មIDចំនួន០១គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បញ្ជូនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌ អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់