ព័ត៌មានជាតិ

រថយន្តធុនធ្ងន់ដឹកដំឡូងមី បែកកំណល់កិនថៅកែស្រីស្លាប់!

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ដែលជាថៅកែដំឡូងមីអង្គុយជុសជុលរថយន្តនៅលើចិញ្ចើមផ្លូវ ត្រូវរថយន្តដឹកដំឡូងមីរបស់ខ្លួនបែកកំណល់ រអិលថយក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ នៅ ស្រីមុំ អាយុ ៣៥ឆ្នាំ ជាឈ្មូញដើរទិញដំឡូងមី រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ដោយមានប្តីឈ្មោះ សំ សុផល អាយុ៣៩ឆ្នាំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្ដីស្ត្រីរងគ្រោះកំពុងជួសជុលរថយន្ត ហើយភ្លាមនោះគេឃើញប្រពន្ធជិះម៉ូតូទៅឈប់ខាងក្រោយរថយន្ត រួចបានចុះពីម៉ូតូដើរយកកូនសោឲ្យទៅប្ដី តែចៃដន្យពេលនោះកំណល់កង់រថយន្តខាងក្រោយបានបែក ធ្វើឲ្យរថយន្តរអិលថយក្រោយ ឃើញដូច្នេះស្ត្រីរងគ្រោះបានរត់ទៅអូសម៉ូតូចេញ ក៏ត្រូវរថយន្តរបស់ខ្លួនកិនពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្រោមកង់យ៉ាងអាណោចអាធ័ម។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍មូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗដែរ និងបាននាំយករថយន្តខាងលើ យកទៅរក្សាទុកបណ្ដោះអាសន្នដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕

មតិយោបល់