ព័ត៌មានជាតិ

មី ជិត១០០០កញ្ចប់ រួមទាំងផលិតផលអាហារ ៦មុខ ត្រូវបានរកឃើញថា ប៉ះពាល់ដល់សុខភាព ជាពិសេសកុមារ

ប៉ៃលិន: ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងតូបតាមគេហដ្ឋាន ព្រមទាំងបិទស្លាកសញ្ញាផ្សព្វផ្សាយដល់អាជីវករនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងនោះសាខាកាំងកុងត្រូល បានរកឃើញកំទេចមី ហាមឃាត់ដាក់លក់នៅលើទីផ្សារ ចំនួន២៨កញ្ចប់ធំ ស្មើនឹង ៦៧២កញ្ចប់តូច ដែលធ្វើអោយបះពាល់ដល់សុខភាពរបស់កុមារ ព្រមទាំងដកហូតទំនិញហួសសុពលភាព និងខូចគុណភាពជាច្រើនទៀត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានឱ្យដឹងថា៖ សាខាកាំកុងត្រូលខេត្តបានបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ និងបិទស្លាកសញ្ញាផ្សព្វផ្សាយផលិតផលម្ហូបអាហារ និងផលបះពាល់នៃការប្រើប្រាស់ម្ហូបអាហារខូចគុណភាព ជូនដល់ពលរដ្ឋ ឱ្យបានយល់ដឹងជារៀងរាល់ខែ ជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបានដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តប៉ៃលិនជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់កុំឱ្យយកទំនិញណាដែលខូចគុណភាព ជាពិសេសកំទេចមី ដែលហាមឃាត់ដាក់លក់ជាដាច់ខាត នៅលើទីផ្សារ និងទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ដែលធ្វើអោយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះអាជីវករទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន និងខាតបង់វេលាផងដែរ។ លោក សាន វិជ្ជាសារ៉ាវុធ ក៍បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងមុននឹងទិញទំនិញយកទៅប្រើប្រាស់ និងយកទៅបរិភោគ ត្រូវចេះមើលទំនិញដែលខូចគុណភាព ហួសសុពលភាពកំនត់ ហើយចំពោះអាជីវករណា នៅតែមិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូល នៅតែបន្តយកទំនិញខូចគុណភាពមកលក់ទៀតនោះ សាខាកាំកុងត្រូលនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ទៅតាម មាត្រាទី១៦ និង៦៣ ដោយផ្តន្ទាទោសពី១ខែ ទៅ១ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ កំទិចមី ២៨កញ្ចប់ធំ ស្មើនឹង ៦៧២កញ្ចប់តូច នំស្រួយ៥ កញ្ចប់ធំ មីកំប៉ុង ១១៧កំប៉ុង ទឹកក្រូចដបជ័រ ៤៤ដប ទឹកដោះគោជូរ ៧ដប ទឹកដោះគោឆៅ ៣កំប៉ុង ម្សៅទឹកដោះគោ ២កំប៉ុង ទឹកផ្លែឈើ ៨កំប៉ុង និង ទឹកម្ទេស ៧ដប។

មតិយោបល់